ចិន បន្តពន្យារពេលដាក់ពន្ធសងសឹកទៅលើទំនិញរបស់សហរដ្ឋអាមេរិក មួយឆ្នាំទៀត

អន្តរជាតិ

បន្ទាប់ពីមានកិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំងពីរ កាលពីពេលកន្លងទៅថ្មីៗនេះ ប្រទេសចិន បានប្រកាសថាខ្លួននឹងបន្តពន្យារពេលមួយឆ្នាំបន្ថែមទៀត ទៅលើការដាក់ពន្ធគយសងសឹក ២៤% ប្រឆាំងទៅនឹងសហរដ្ឋអាមេរិក។ នេះបើមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមគណៈកម្មាធិការពន្ធនាំចូលនៃសភាប្រជាជនចិន បានប្រកាសថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបន្តពន្យារពេលដាក់ពន្ធសងសឹក ២៤% លើទំនិញរបស់អាមេរិក សម្រាប់រយៈពេលមួយឆ្នាំទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អត្រាពន្ធ ១០% នឹងនៅតែមានសុពលភាពដដែល។

ដូច្នេះ អត្រាពន្ធនាំចូលបន្ថែមសរុបដែលប្រទេសចិនដាក់លើទំនិញអាមេរិកភាគច្រើននាពេលបច្ចុប្បន្ន នៅតែស្ថិតនៅកម្រិត ១០% ដូចដែលត្រូវបានអនុវត្តក្នុងរយៈពេល ៦ខែកន្លងមក។ កម្រិតនេះ ត្រូវបានរក្សាចាប់តាំងពីមានកិច្ចប្រជុំរវាងភាគីទាំងពីរ នៅក្នុងខែឧសភាមក។ នៅពេលនោះ តាមរយៈការលុបចោល និងការផ្អាកដាក់ពន្ធសងសឹកមួយចំនួន អត្រាពន្ធនាំចូលសរុបរបស់ទីក្រុងប៉េកាំងលើទំនិញអាមេរិក ត្រូវបានកាត់បន្ថយជាបណ្តោះអាសន្នពី ១២៥% មកត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ។ ហើយចំពោះពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិន ត្រូវបានកាត់បន្ថយពី ១៤៥% មកត្រឹម ៣០%។

ជម្រាបជូនផងដែរថា ការពន្យារពេលនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកាលពីសប្តាហ៍មុនរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង។ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរម៉ោង លោក ត្រាំ បាននិយាយថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់ចិន។ ហើយជាថ្នូរនឹងការកាត់បន្ថយនេះ ទីក្រុងប៉េកាំង បានយល់ព្រមបន្តទិញសណ្តែកសៀងអាមេរិក រក្សាការនាំចេញរ៉ែដ៏កម្រ និងដកការរឹតបន្តឹងពាណិជ្ជកម្មពាក់ព័ន្ធទៅនឹងថ្នាំហ្វេនតានីល ផងដែរ៕​