លោក ត្រាំ ព្រមានថាសេដ្ឋកិច្ចអាមេរិក អាចធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរ បើតុលាការកំពូលប្រឆាំងនឹងពន្ធលោក

អន្តរជាតិ

ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១០ ខែវិច្ឆិកា បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងប្រឈមមុខទៅនឹងគ្រោះមហន្តរាយសេដ្ឋកិច្ច និងសន្តិសុខជាតិ ប្រសិនបើតុលាការកំពូល សម្រេចប្រឆាំងទៅនឹងការប្រើប្រាស់សិទ្ធិអំណាចរបស់លោក ដើម្បីដាក់ពន្ធគយនាំចូលនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងរបស់លោក ត្រាំ បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់លោក មានគម្រោងក្នុងការផ្តល់ជូនលុយភាគលាភបានពីផែនការពន្ធ ជូនដល់ពលរដ្ឋអាមេរិកម្នាក់ៗ ចំនួន ២ ០០០ដុល្លារ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងមធ្យម ហើយចំណូលដែលបានពីពន្ធនៅសេសសល់ទៀត នឹងត្រូវយកទៅកាត់បន្ថយបំណុលសហរដ្ឋអាមេរិក។

ក្រៅពីចំណូលបានពីពន្ធដ៏ច្រើននេះហើយ លោក ត្រាំ ក៏បានសាទរចំពោះអ្វីដែលលោកហៅថា ជាការធ្លាក់ចុះនៃអតិផរណា ចាប់តាំងពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក ដោយថែមទាំងបានិយាយទៀតថា តម្លៃអាហារ និងតម្លៃថាមពលកំពុងធ្លាក់ចុះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការជជែកវែកញែក លើសំណុំរឿងពន្ធគយ កាលពីសប្តាហ៍មុន ចៅក្រមតុលាការកំពុល បានដាក់ការសង្ស័យលើសិទ្ធិអំណាចរបស់លោក ត្រាំ ក្នុងការដាក់ចេញវិធានការពន្ធគយក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ឆ្នាំ១៩៧៧ (IEEPA) ដែលមិនបានចែងអំពីពន្ធគយនោះឡើយ។

មិនតែប៉ុណ្ណោះ ចៅក្រម Amy Coney Barrett ក៏បានលើកឡើងទៀតថា វាអាចការបង្កភាពរញ៉េរញ៉ៃ សម្រាប់តុលារ ក្នុងការដោះស្រាយទៅលើការសងប្រាក់វិញសម្រាប់ក្រុមហ៊ុននាំចូលអាមេរិក ដែលបានបង់ពន្ធរួច ប្រសិនបើតុលាការឈានដល់ការសម្រេចថា លោក ត្រាំ ពិតជាបានខុសទៅនឹងច្បាប់នោះមែន។

ជម្រាបជូនផងដែថា គិតមកទល់ពេលនេះ តុលាការកំពូលអាមេរិក មិនទាន់អាចសម្រេចបាននៅឡើយទេ ជុំវិញការការប្រឆាំងទៅនឹងពន្ធគយរបស់លោក ត្រាំនេះ ប៉ុន្តែបើសិនប្រធានាធិបតីចាញ់ នោះក្រុមហ៊ុននាំចូលអាមេរិក នឹងទទួលបានសំណងជាង ១០០ពាន់លានដុល្លារ ដែលខ្លួនបានបង់ពន្ធ ត្រលប់មកវិញ៕​