ព្យុះទីហ្វុងដ៏កំណាច ហ្វុង-វុង (Fung-Wong) បានបោកបក់ឆ្លងកាត់ភាគខាងជើង និងភាគកណ្តាលប្រទេសហ្វីលីពីន ដោយបន្សល់ទុកនូវការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ រំខានដល់ពាណិជ្ជកម្ម ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងប្រទេសក្នុងតំបន់អាស៊ានមួយនេះ។

យោងតាមរដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្រ្ត និងតារាសាស្រ្តហ្វីលីពីន (PAGASA) បានបង្ហាញឲ្យដឹងថា ព្យុះនេះបានបោកបង់ចូលខេត្តអូរ៉ូរ៉ា នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ជាមួយនឹងខ្យល់បក់ខ្លាំងក្នុងល្បឿន ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ការរអិលបាក់ដី និងការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ មនុស្សជាង ១,៤ លាននាក់ត្រូវបានជម្លៀសចេញ ខណៈមនុស្សជាង ៣សែននាក់ផ្សេងទៀតនៅតែស្ថិតនៅក្នុងជម្រកបណ្តោះអាសន្ន។ ផ្ទះជាង ១ ០០០ ខ្នងត្រូវបានខូចខាត និងភូមិរាប់រយត្រូវបានជន់លិច។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលហ្វីលីពីនបានរាយការណ៍ពីការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងតំបន់លូហ្សុន ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្មធំបំផុតរបស់ប្រទេស។ ជើងហោះហើរជាង ៤០០ ត្រូវបានលុបចោល កំពង់ផែ និងផ្លូវសំខាន់ៗត្រូវបានរារាំងដោយការរអិលបាក់ដី និងទឹកជំនន់ ហើយការដាច់ចរន្តអគ្គិសនីបានបង្ខំឱ្យរោងចក្រ និងតំបន់ឧស្សាហកម្មជាច្រើនត្រូវបានផ្អាកប្រតិបត្តិការ។
មិនតែប៉ុណ្ណោះក្រសួងថាមពលបានប៉ាន់ប្រមាណថា គ្រួសារ និងអាជីវកម្មរាប់រយរាប់ពាន់គ្រួសារបានរងផលប៉ះពាល់ដោយការបាត់បង់ថាមពល ខណៈធនាគារកណ្តាលហ្វីលីពីន កំពុងតាមដានផលប៉ះពាល់នៃព្យុះទៅលើអតិផរណា ជាពិសេសតម្លៃអាហារ និងថាមពល។
ជម្រាបជូនថា យោងតាមរបាយការណ៍បឋមពី ReliefWeb បានប៉ាន់ប្រមាណថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធពីព្យុះកំណាច Fung-Wong នេះ មានចំនួន ២៩២ ០០០ដុល្លា ដែលក្នុងនោះផ្នែកកសិកម្មចំនួន ១៨៤ ០០០ដុល្លារ ប៉ះពាល់លើកសិករ និងអ្នកនេសាទជាង ៦០០ នាក់ និងដីកសិកម្មចំនួន ៤៦០ ហិកតា។ យ៉ាងណាក៏ដោយ ការវាយតម្លៃកំពុងបន្តសម្រាប់ផលប៉ះពាល់ពេញលេញនៃព្យុះ Fung-Wong នេះ៕

