តុលាការថៃ បញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន បង់ប្រាក់សំណងជាង ៥០០លានដុល្លារ

អន្តរជាតិ

អ្នកនាំពាក្យតុលាការថៃ លោក Suriyan Hongvilai បាននិយាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវតែអនុវត្តតាមសំណើបង់ពន្ធពាក់ពន្ធទៅនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍ Shin Corp របស់លោក កាលពីអតីតកាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យដដែលរូបនេះ មិនបានបញ្ជាក់ថាតើលោក ថាក់ស៊ីន នឹងត្រូវបង់ប្រាក់សំណងប៉ុន្មាននៅឡើយនោះទេ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បាននិយាយថា តុលាការបានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បង់ប្រាក់ពន្ធ និងពិន័យរហូតដល់ ១៧,៦ពាន់លានបាត ឬស្មើប្រហែល ៥៤០លានដុល្លារ។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន បានប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទពុករលួយ និងភាពចម្រូងចម្រាសជុំវិញការលក់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន Shin Corpរបស់ខ្លួន ដោយមិនបានបង់ពន្ធទៅកាន់រដ្ឋឡើយ។

នៅឆ្នាំដដែលនោះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏ត្រូវបានបណ្តេញពីតំណែង នៅក្នុងរដ្ឋប្រហារ ហើយបានចំណាយពេលអស់ពេលជាងមួយទសវត្សក្នុងការនិរទេសខ្លួន ទៅក្រៅប្រទេស។ លុះដល់ឆ្នាំ ២០១៧ អាជ្ញាធរពន្ធដារថៃបានកំណត់ពិន័យលោក ថាក់ស៊ីន ចំនួន ៥០០លានដុល្លារ។

ជម្រាបជូនថា លោក ថាក់ស៊ីន អាយុ ៧៦ឆ្នាំ បច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ នៅពន្ធនាគារខ្លងព្រេម ក្នុងទីក្រុងបាងកក ដែលជាពន្ធនាគារដ៏តឹងរ៉ឹងបំផុតមួយរបស់ប្រទេសថៃ។ ប៉ុន្តែលោកត្រូវបានផ្ទេរទៅកាន់កន្លែងវេជ្ជសាស្ត្រនៃពន្ធនាគារ ដោយសារតែវ័យចំណាស់ និងជំងឺរ៉ាំរ៉ៃរបស់លោក៕