ចិន នឹងចាប់ផ្តើមរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើការនាំចេញរថយន្តទាំងអស់ ទៅក្រៅប្រទេស

អន្តរជាតិ

យោងតាមការជូនដំណឹងចុងក្រោយមួយដែលចេញដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេស បានឲ្យដឹងថា ប្រទេសចិន នឹងចាប់ផ្តើមពង្រឹងលើការត្រួតពិនិត្យការនាំចេញរថយន្តដែលប្រើប្រាស់រួច និងរថយន្តថ្មីៗទាំងអស់ក្រោមរូបភាពជារថយន្តដែលប្រើប្រាស់រួច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងបានបញ្ជាក់បន្ថែមទៀតថា ចាប់ពីដើមឆ្នាំក្រោយទៅ រថយន្តដែលដាក់ពាក្យស្នើសុំនាំចេញតិចជាង ១៨០ថ្ងៃបន្ទាប់ពីពួកគេត្រូវបានចុះបញ្ជី នឹងតម្រូវឲ្យដាក់ពាក្យស្នើព័ត៌មានបន្ថែមទៀត សម្រាប់សេវាថែទាំនៅក្រោយពេលលក់។

មិនតែប៉ុណ្ណោះ អាជ្ញាធរពាណិជ្ជកម្មក្នុងស្រុកបាននិយាយទៀតថា ក្រុមហ៊ុននាំចេញរថយន្តដែលប្រើប្រាស់រួច ក៏នឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ផងដែរ ចំពោះអាកប្បកិរិយាមិនឈ្មោះត្រង់ ឬការខកខាន ក្នុងការផ្តល់កាតព្វកិច្ចធានាលើគុណភាព។

គួរឲ្យដឹងផងដែរថា កាលពីខែមិថុនា សារព័ត៌មាន Reuters បានរាយការណ៍ថា ឧស្សាហកម្មរថយន្តរបស់ប្រទេសចិន បានបំប៉ោងការលក់រថយន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈទីផ្សារងងឹតដែលចុះបញ្ជីរថយន្តថ្មីៗ ពីខ្សែសង្វាក់ផលិតកម្ម ហើយបន្ទាប់មកដឹកជញ្ជូនវាទៅក្រៅប្រទេសក្នុងូបភាពជារថយន្តប្រើប្រាស់រួច ជំនួសវិញ។

ជម្រាបជូនផងដែរថា នៅក្នុងខែមិថុនាដដែលនោះ ប្រធានក្រុមហ៊ុនផលិតរថយន្តចិន Changan បានអំពាវនាវឱ្យមានការបង្ក្រាបលើការនាំចេញរថយន្តដែលបានប្រើប្រាស់រួចដែលមានចំងាយសូន្យម៉ាយ ដោយនិយាយថា ការអនុវត្តនេះអាចធ្វើឱ្យខូចរូបភាពម៉ាកយីហោចិនយ៉ាងខ្លាំង នៅបរទេស៕​