តៃវ៉ាន់ ផាកពិន័យក្រុមហ៊ុន Foxconn ជាង ៣០ ម៉ឺនដុល្លារ ជុំវិញការវិនិយោគជាមួយចិន

អន្តរជាតិ

តៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានធ្វើការផាកពិន័យទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Foxconn ចំនួន ១០ លានដុល្លារតៃវ៉ាន់ ឬប្រមាណ ៣២៩ ០៨៨ ដុល្លារ ជុំវិញការចូលរួមវិនិយោគដោយគ្មានការអនុញ្ញាត ជាមួយនឹងក្រុមហ៊ុនបន្ទះឈីបរបស់ចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា បច្ចុប្បន្នតៃវ៉ាន់ បានរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពោះមហិច្ឆតារបស់ចិន ក្នុងការពង្រីកខ្លួនទៅលើវិស័យបន្ទះឈីប និងកំពុងរឹតបន្តឹងច្បាប់ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលដែនកោះមួយនេះ បាននិយាយថាចិន កំពុងព្យាយាមលួចបច្ចេកវិទ្យាបន្ទះឈីបពីពួកគេ ។

គួរឱ្យដឹងផងដែរថា Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងផលិតទូរស័ព្ទ iPhone ធំបំផុត សម្រាប់ក្រុមហ៊ុន Apple បានចេញមុខលាតត្រដាងកាលពីខែកក្កដា ឆ្នាំ ២០២២ ថាខ្លួន គឺជាម្ចាស់ភាគហ៊ុនធំមួយ នៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន Tsinghua Unigroup ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនតៃវ៉ាន់មួយនេះ បានបញ្ជាក់កាលពីខែមុនថា ខ្លួននឹងលក់ភាគហ៊ុនទាំងនោះចោលវិញផងដែរ ។

ជុំវិញបញ្ហានេះ ក្រសួងសេដ្ឋកិច្ចរបស់តៃវ៉ាន់ បាននិយាយថា ក្រុមហ៊ុន Foxconn បានធ្វើការវិនិយោគជាមួយក្រុមហ៊ុនចិន ដោយគ្មានការអនុញ្ញាត ដូច្នេះហើយវាគឺជាការបំពានទៅលើបទប្បញ្ញត្តិ ហើយនឹងធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច ឬឧស្សាហកម្មរបស់តៃវ៉ាន់ ។

ទន្ទឹមនឹងនេះក្រុមហ៊ុន Foxconn ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ផ្សារហ៊ុនតៃប៉ិថា ខ្លួនបានសហការយ៉ាងពេញលេញជាមួយការស៊ើបអង្កេតលើករណីនេះ ហើយបាននិយាយថា ខ្លួនមិនមានចេតនាបំពានទៅលើច្បាប់ទាក់ទងទៅនឹងការវិនិយោគនេះឡើយ ៕