UN ថាត្រូវការយ៉ាងហោចណាស់ ៧០ពាន់លានដុល្លារ ដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញ

អន្តរជាតិ

អង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ បានបង្ហាញការព្យាករថា ការសម្អាត និងការកសាងឡើងវិញនៅក្នុងតំបន់ហ្គាហ្សាអាចនឹងត្រូវចំណាយទឹកប្រាក់អស់ជាង ៧០ពាន់លានដុល្លារ ហើយនឹងត្រូវការពេលជាច្រើនទសវត្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍វាយតម្លៃស្ថានភាពនៅក្នុងតំបន់ហ្គាហ្សាដែលចេញផ្សាយក្នុងសប្តាហ៍នេះ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD) បាននិយាយថា ជម្លោះរយៈពេលពីរឆ្នាំ បានប្រែក្លាយទឹកដីនេះ ទៅជាទីដ៏ជ្រៅបំផុតនៃភាពអស់សង្ឃឹម ដែលជាស្នាដៃរបស់មនុស្ស។

អគារប្រហែល ១៧៤ ៥០០ ឬ ៧០% នៃរចនាសម្ព័ន្ធនៅទូទាំងតំបន់ហ្គាហ្សាត្រូវបានបំផ្លាញ ឬខូចខាត ដោយមានកម្ទេចកម្ទីជាង ៦១ លានតោនដែលត្រូវសម្អាត។ UNCTAD ក៏បានព្រមានផងដែរថា ប្រជាជនហ្គាហ្សាចំនួន ២,៣ លាននាក់កំពុងប្រឈមនឹងហានិភ័យនៃភាពក្រីក្រខ្លាំង និងទាំងស្រុង ដោយសារការប្រយុទ្ធគ្នាបានធ្វើឲ្យខូចដល់សសរស្តម្ភនៃជីវិតស្ទើរតែទាំងអស់នៅក្នុងទឹកដី។

មិនតែប៉ុណ្ណោះ សេដ្ឋកិច្ចរបស់តំបន់ហ្គាហ្សាបានធ្លាក់ចុះ ៨៧% នៅចន្លោះឆ្នាំ ២០២៣ និង ២០២៤ ដែលជំរុញឲ្យផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ ធ្លាក់ចុះមកត្រឹម ១៦១ដុល្លារ ដែលជាកម្រិតទាបបំផុតក្នុងពិភពលោក។ ការកសាងតំបន់ហ្គាហ្សាឡើងវិញ អាចចំណាយពេលរាប់ទសវត្ស ហើយត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់អស់ជាង ៧០ពាន់លានដុល្លារ។

ជម្រាបជូនថា សង្គ្រាមនៅតំបន់ហ្គាហ្សា បានផ្ទុះឡើងបន្ទាប់ពីក្រុម Hamas បានបើកការវាយប្រហារលើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ១ ២០០ នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥១ នាក់។ យុទ្ធនាការសងសឹកជាបន្តបន្ទាប់របស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៦៩ ០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល៕