សហស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Google លោក Larry Page បានវ៉ាដាច់មេធំរបស់ក្រុមហ៊ុន Oracle លោក Larry Ellison ដើម្បីក្លាយជាកំពូលអ្នកមានដាច់គេទី២ នៅលើពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ជាង ២៦២ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ថា កាលពីដើមសប្តាហ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានកើនឡើង ៥,៨% ដល់ចំនួនប្រហែល ៣១៧ដុល្លារ ក្នុងមួយហ៊ុន។ ការកើនឡើងនេះ ក៏បានបន្ថែម ៨,៧ពាន់លានដុល្លារ ទៅកាន់ទ្រព្យសម្បត្តិរបស់លោក Page បន្ថែមទៀតផងដែរ។
ទន្ទឹមនឹងនេះ លោក Sergey Brin ដែលជាសហស្ថាបនិកក្រុមហ៊ុន Google ជាមួយលោក Page ផងដែរនោះ ក៏បានមើលឃើញចំនួនទ្រព្យសរុបរបស់ខ្លួន បានហក់ឡើងខ្ពស់ផងដែរ ដោយបានវ៉ាដាច់មេធំ Amazon លោក Jeff Bezos ឡើងកាន់តំណែងជាអ្នកបំផុតទី៤ នៅលើលោក ជាមួយទ្រព្យសម្បត្តិជាង ២៤៣ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា ជុំវិញការកើនទ្រព្យរបស់លោក Page ទៅកាន់ចំណាត់ថ្នាក់ទី០២ នេះ គឺបានកើតឡើងបន្ទាប់ពីមានការហក់ឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដោយសារតែការបង្ហាញខ្លួនជាលើកដំបូងនៃគំរូ AI ជំនាន់ថ្មីរបស់ក្រុមហ៊ុន Gemini 3៕

