ចិន នឹងចំណាយលុយ ៣០០លានដុល្លារ ដើម្បីទិញសណ្តែកសៀងអាមេរិកបន្ថែម

អន្តរជាតិ

ប្រទេសចិន បានសន្យាទិញយកសណ្តែកសៀងរបស់អាមេរិកបន្ថែមទៀត ពោលគឺបន្ទាប់ពីមានការពិភាក្សាតាមរយៈទូរស័ព្ទរវាងប្រធានាធិបតី លោក ដូណាល់ ត្រាំ​ និងមេដឹកនាំចិន លោក ស៊ី ជិនពីង កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពដដែលនេះ​ បានបង្ហាញឲ្យដឹងទៀតថា ទីក្រុងប៉េកាំង បានយល់ព្រមទិញសណ្តែកសៀងរបស់អាមេរិក ក្នុងចំនួនចន្លោះពី ១០-១៥ កប៉ាល់បន្ថែមទៀត ដោយក្នុងនោះកប៉ាល់នីមួយៗផ្ទុកសណ្តែងសៀងចន្លោះពី ៦០ ០០០ ទៅ ៦៥ ០០០ តោន ដែលមានតម្លៃប្រមាណ​ ៣០០លានដុល្លារ។

យ៉ាងណាមិញ ជុំវិញការទិញនេះ បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ និងលោក ស៊ី បាននិយាយគ្នាតាមទូរស័ព្ទ ដែលក្នុងនោះ លោក ត្រាំ​ បានពិពណ៌នាអំពីទំនាក់ទំនងជាមួយចិនថា មានភាពរឹងមាំខ្លាំង។ បន្ថែមពីនេះ លោក ក៏បានជំរុញឲ្យទីក្រុងប៉េកាំងបង្កើនការទិញទំនិញអាមេរិកបន្ថែមទៀត ហើយលោក ស៊ី ក៏បានបង្ហាញការយល់ព្រម ផងដែរ។

គួរឲ្យដឹងថា ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ហាក់បានមើលឃើញពីភាពល្អប្រសើរឡើង នាពេលថ្មីៗនេះ។ កន្លងមក ប្រទេសចិនស្ទើរតែឈប់ទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែ ដោយសារតែភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ចិនទើបតែចាប់ផ្តើមទិញសណ្តែកសៀងអាមេរិកឡើងវិញនៅចុងខែតុលា បន្ទាប់ពីកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ នៅកូរ៉េខាងត្បូង។

ជម្រាបផងដែរថា យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានបង្ហាញថា ក្រុមហ៊ុន COFCO ដែលជាក្រុមហ៊ុនចំណីអាហារខ្នាតយក្សរបស់ប្រទេសចិន បានកក់សណ្តែកសៀងអាមេរិកជិត ២ លានតោន ចាប់តាំងពីចុងខែតុលា។ តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងថ្មីៗនេះ នៅតែទាបជាងការអះអាងរបស់សេតវិមានដែលនិយាយថា ប្រទេសចិន នឹងទិញសណ្តែកសៀងចំនួន ១២ លានតោន នៅឆ្នាំនេះ៕​