ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងបើកការវាយប្រហារទៅលើប្រទេសណាមួយដែលដឹកជញ្ជូនគ្រឿងញៀនចូលមកកាន់សសហរដ្ឋអាមេរិក ពោលគឺមិនមែនគ្រាន់តែប្រទេសវេណាស៊ុយអេឡាប៉ុណ្ណោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយបាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២ ខែធ្នូ នៅពេលត្រូវបានគេសួរអំពីយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារទៅលើទូកដែលសង្ស័យថាមានដឹកគ្រឿងញៀននៅលើសមុទ្រ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖” យើងនឹងចាប់ផ្តើមធ្វើប្រតិបត្តិការលើគោកម្តង ដែលងាយស្រួលជាង ព្រោះយើងដឹងពីផ្លូវដែលពួកគេប្រើប្រាស់។យើងដឹងពីកន្លែងដែលមនុស្សអាក្រក់រស់នៅ ហើយយើងនឹងចាប់ផ្តើមឆាប់ៗនេះ”។
មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បាននិយាយផងដែរថាទីក្រុងវ៉ាស៊ីនតោនអាចកំណត់គោលដៅលើប្រទេសណាមួយដែលជួញដូរគ្រឿងញៀនចូលសហរដ្ឋអាមេរិក ដោយលើកឡើងចំៗពីប្រទេសវេណេស៊ុយអេឡា និងកូឡុំប៊ី។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានបន្ថែមទៀតថា ៖”អ្នកណាដែលធ្វើបែបនោះ ដែលលក់វាចូលប្រទេសរបស់យើង អាចនឹងត្រូវបានវាយប្រហារ មិនមែនគ្រាន់តែប្រទេសវេណេស៊ុយអេឡានោះទេ។ ខ្ញុំក៏ឮថាប្រទេសកូឡុំប៊ីកំពុងផលិតកូកាអ៊ីន មានរោងចក្រជាច្រើន ហើយពួកគេកំពុងលក់វាមកឲ្យយើង”។
ជម្រាបជូនថា សហរដ្ឋអាមេរិក បានចាប់ផ្តើមយុទ្ធនាការវាយឆ្មក់លើទូកដែលសង្ស័យថាដឹកគ្រឿងញៀននៅក្នុងតំបន់សមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ដោយគ្រាប់មីស៊ីល៕

