យោងតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Nvidia នាំចេញបន្ទះឈីបកម្រិតខ្ពស់ H200 របស់ខ្លួន ទៅកាន់ប្រទេសចិន និងប្រមូលថ្លៃសេវា ២៥% លើការលក់បន្ទះឈីបប្រភេទនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានហក់ឡើង ២% នៅក្នុងការជួញដូរចុងក្រោយ បន្ទាប់ពីលោក ត្រាំ បានធ្វើការប្រកាសអំពីដំណឹងនេះ នៅលើបណ្តាញសង្គម Truth Social របស់ខ្លួន។
នៅក្នុងការប្រកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយទៀតថា លោកបានជូនដំណឹងដល់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង អំពីប្រទេសចិន ជាកន្លែងដែលបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាល អំពីវិធានការចុងក្រោយនេះ ហើយថាលោកបានឆ្លើយតបជាវិជ្ជមានវិញ។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានមានប្រសាសន៍ទៀតថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកំពុងបញ្ចប់ព័ត៌មានលម្អិតនៃការរៀបចំនេះ ហើយវិធីសាស្ត្រដូចគ្នានឹងត្រូវអនុវត្តចំពោះក្រុមហ៊ុនផលិតបន្ទះឈីប AI ផ្សេងទៀតដូចជា Advanced Micro Devices (AMD) និង Intel ផងដែរ។
ជម្រាបជូនផងដែរថា លោក ត្រាំ ហាក់មិនបាននិយាយថាតើបន្ទះឈីប H200 ចំនួនប៉ុន្មាននឹងត្រូវបានអនុញ្ញាតឲ្យដឹកជញ្ជូន ឬលក្ខខណ្ឌអ្វីដែលអាចអនុវត្តបាននោះទេ គ្រាន់តែថាការនាំចេញបន្ទះឈីបទាំងនេះទៅកាន់ប្រទេសចិន នឹងត្រូវបានអនុញ្ញាត៕

