យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ប្រទេសចិន បានមើលឃើញចំនួមហាសេដ្ឋីរបស់ខ្លួនបន្តកើនឡើង ៧០ នាក់បន្ថែមទៀត នៅឆ្នាំនេះ ដែលនាំឲ្យចំនួនមហាសេដ្ឋីសរុបនៅក្នុងប្រទេសកើនឡើងដល់ ៤៧០ នាក់ ដែលភាគច្រើនត្រូវបានជំរុញដោយវិស័យបច្ចេកវិទ្យា។

បើតាមរបាយការណ៍ពី Billionaire Ambitions Report 2025 បានបង្ហាញឲ្យដឹងដោយធនាគារ USB របស់ប្រទេស្វីស ដែលបានប្រើប្រាស់ទិន្នន័យនៅក្នុងរយៈពេល ១២ខែចុងក្រោយ បង្ហាញឲ្យដឹងថា ចំនួនទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីចិន បានកើនឡើង ២២% ដល់ចំនួនសរុប ១,៧៧ទ្រីលានដុល្លារ។
នៅក្នុងនាមជាប្រទេសដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេទីពីរនៅលើពីពិភពលោកដោយតាមតែពីក្រោយសហរដ្ឋអាមេរិក ចិន បានមើលឃើញមហាសេដ្ឋីភាគច្រើនរបស់ខ្លួនបង្កើតទ្រព្យសម្បត្តិបានយ៉ាងពីវិស័យបច្ចេកវិទ្យា។
ដោយឡែកចំនួនមហាសេដ្ឋីនៅហុងកុង បានកើនឡើង ២ នាក់បន្ថែមទៀត ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ៧៦ នាក់ ខណៈពេលដែលកោះតៃវ៉ាន់ បានកើនឡើង ៤ នាក់ ធ្វើឲ្យចំនួនសរុបហក់ឡើងដល់ ៥១ នាក់។
នៅទូទាំងពិភពលោក ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីដែលចាប់ផ្តើមរកស៊ីពីបាតដៃទទេ បានកើនឡើងដល់កំណត់ត្រាថ្មីចំនួន ១៥,៨ទ្រីលានដុល្លារ នៅឆ្នាំ២០២៥ នេះ ដោយកើនឡើង ១៣% ធៀបទៅនឹងឆ្នាំមុន ដែលជាការកើនឡើងលឿនបំផុតគិតចាប់តាំងពីឆ្នាំ២០២១ មក។
ជម្រាបជូនថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិកវិញ បានឈានដល់ ៦,៩ទ្រីលានដុល្លារ ពោលគឺបានកើនឡើង ១៨%។ ប្រទេសនេះបានបន្ថែមមហាសេដ្ឋីថ្មីៗចំនួន ៨៩ នាក់ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៩២៤ នាក់ ដែលស្ទើរតែមួយភាគបីនៃចំនួនមហាសេដ្ឋីសរុបទូទាំងពិភពលោក៕

