ក្រុមហ៊ុនAmazon ត្រូវបានគេរាយការណ៍ថា មានគម្រោងវិនិយោគទឹកប្រាក់ជាង ៣៥ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា រហូតដល់ឆ្នាំ២០៣០ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនដោយជំរុញសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) និងបង្កើនការនាំចេញ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលមួយនេះ កំពុងព្យាយាមពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទីបីរបស់អាស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមចាក់បញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារ នៅឥណ្ឌា នៅឆ្នាំនេះ ដែលបង្ហាញពីការកើនឡើងនៃភាពលេចធ្លោរបស់ប្រទេសនេះ នៅក្នុងនាមជាមជ្ឈមណ្ឌលយុទ្ធសាស្រ្ត សម្រាប់ការរីកចម្រើនផ្នែក AI និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត។
ទន្ទឹមនឹងនេះ បើយោងតាមសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Amazon បាននិយាយថា ការវិនិយោគរបស់ខ្លួនចុងក្រោយនេះ គឺស្របទៅតាមយុទ្ធសាស្រ្តជាមួយនឹងអាទិភាពជាតិរបស់ប្រទេសឥណ្ឌា ហើយនឹងផ្តោតទៅលើការពង្រឹងសមត្ថភាព AI ការបង្កើនហេដ្ឋារចនាសម្ព័ន្ធភស្តុភារ ការគាំទ្រដល់កំណើនអាជីវកម្មខ្នាតតូច និងការបង្កើតការងារ ផងដែរ។
ជម្រាបជូនផងដែរថា ប្រទេសឥណ្ឌា ដែលជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក គឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន Amazon ដោយសារតែមូលដ្ឋានអ្នកប្រើប្រាស់អ៊ីនធឺណិត ហាក់កំពុងត្រូវបានពង្រីកយ៉ាងឆាប់រហ័សបំផុត៕

