រដ្ឋាភិបាលអាមេរិក កំពុងដាក់លក់ប័ណ្ណមាសតម្លៃ ១លានដុល្លារ សម្រាប់ការស្នាក់នៅអាមេរិកជាអចិន្ត្រៃយ៍

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ប័ណ្ណមាសអន្តោប្រវេសន៍ ឥឡូវនេះ កំពុងត្រូវបានដាក់លក់ក្នុងតម្លៃ ១លានដុល្លារ សម្រាប់បុគ្គលទូទៅ​ និង ២លានដុល្លារ សម្រាប់អាជីវកម្មណាមួយដែលចង់ឧបត្ថម្ភដល់បុគ្គលិករបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រកាសពីការចាប់ផ្តើមដាក់ឲ្យដំណើរការលក់ប័ណ្ណមាសអន្តោប្រវេសន៍នេះ នៅចំពោះមុខថ្នាក់ដឹកនាំអាជីវកម្មជាច្រើន នៅឯសេតវិមានកាលពីថ្ងៃទី១០ ខែធ្នូ។ ហើយជាមួយគ្នានេះ គេហទំព័រសម្រាប់ទទួលពាក្យស្នើសុំទិញប័ណ្ណមាស ក៏ត្រូវបានដាក់ឲ្យដំណើរការផងដែរ។

គួរឲ្យដឹងផងដែរថា កម្មវិធីនេះមានគោលបំណងជំនួសទិដ្ឋាការ EB-5 ដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩០ ដើម្បីទាក់ទាញការវិនិយោគបរទេស និងសម្រាប់បុគ្គលដែលវិនិយោគទឹកប្រាក់ប្រហែល ១លានដុល្លារនៅក្នុងក្រុមហ៊ុនដែលមានបុគ្គលិកយ៉ាងហោចណាស់ ១០ នាក់។

យ៉ាងណាមិញ លោក ត្រាំ បានមើលឃើញកម្មវិធី ប័ណ្ណមាស របស់ខ្លួន ថាជាមធ្យោបាយមួយសម្រាប់សហរដ្ឋអាមេរិកក្នុងការទាក់ទាញ និងរក្សាអ្នកមានជំនាញកំពូលៗ ខណៈពេលដែលវាក៏អាចបង្កើតប្រាក់ចំណូលសហព័ន្ធផងដែរ។ ប្រធានាធិបតីអាមេរិករូបនេះ បានខិតខំផ្សព្វផ្សាយកម្មវិធីនេះអស់រយៈពេលជាច្រើនខែ ហើយចំពោះថ្លៃសេវាដំបូងសម្រាប់ប័ណ្ណនីមួយៗគឺ ៥លានដុល្លារ ប៉ុន្តែក្រោយមកវាត្រូវបានកែតម្រូវមកត្រឹម ១លានដុល្លារសម្រាប់បុគ្គលទូទៅ និង ២លានដុល្លារសម្រាប់អាជីវកម្មដែលចង់ឧបត្ថម្ភដល់បុគ្គលិក៕​