យោងតាមការស្ទង់មតិចុងក្រោយមួយបានបង្ហាញឲ្យដឹងថា អ្នកទិញរថយន្តនៅចិន ប្រហែល ៤៧% កំពុងជ្រើសរើសយករថយន្តអគ្គិសនី ជាជាងរថយន្តប្រភេទផ្សេងទៀត ដែលជំរុញដោយតម្លៃសមរម្យ ជម្រើសម៉ូដែលច្រើន និងហេដ្ឋារចនាសម្ព័ន្ធសាកថ្មកាន់តែប្រសើរឡើង។

យោងតាមការស្ទង់មតិរបស់ Bloomberg Intelligence ដែលត្រូវបានធ្វើឡើងកាលពីក្នុងខែវិច្ឆិកា ដោយស្ទង់មតិទៅលើមនុស្សចំនួន ១ ០០០ នាក់ ដែលមានគម្រោងទិញរថយន្តក្នុងរយៈពេល ១២ខែខាងមុខនោះបានរកឃើញថា ពួកគេភាគច្រើនចាប់អារម្មណ៍លើរថយន្តអគ្គិសនី។
មិនតែប៉ុណ្ណោះ បើតាមអ្នកវិនិភាគរបស់ Bloomberg បាននិយាយថា៖” ប្រទេសចិន បានវ៉ាដាច់អឺរ៉ុប និងសហរដ្ឋអាមេរិក ជាមួយនឹងរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយតម្លៃរបស់វាស្មើគ្នាបើធៀបទៅនឹងរថយន្តសាំង ខណៈអ្នកប្រើប្រាស់នៅក្នុងស្រុកចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនខ្នាតយក្សដូចជា Huawei Technologies និង Xiaomi Corp ជាមួយគុណសម្បត្តិកាន់តែខ្លាំង នៅក្នុងការប្រកួតប្រជែងទីផ្សារដ៏ខ្លាំងក្លា”។
ជម្រាបជូនផងដែរថា បើតាមអ្នកវិភាគបានកត់សម្គាល់ទៀតថា ការបញ្ឈប់ការឧបត្ថម្ភធនរបស់រដ្ឋាភិបាល អាចអនុញ្ញាតឱ្យមានការវិនិយោគបន្ថែមទៀតលើបណ្តាញសាកថ្ម ដែលជាហេតុធ្វើឲ្យពលរដ្ឋភាគច្រើនងាកមកចាប់អាម្មណ៍កាន់តែច្រើនលើរថយន្ត EV ផងដែរ។ រដ្ឋាភិបាលមានគោលបំណងបង្កើតកន្លែងសាកថ្មចំនួន ២៨ លានកន្លែង នៅឆ្នាំ ២០២៧ ដែលជាការកើនឡើងជាង ៥០% ពីកម្រិតបច្ចុប្បន្ន ដើម្បីគាំទ្រដល់តម្រូវការកើនឡើង៕

