ប្រទេសម៉ាឡេស៊ី បានកត់ត្រាការវិនិយោគឌីជីថលដែលត្រូវបានអនុម័តនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៥ ជាមួយចំនួនទឹកប្រាក់ដល់ជាង ៥៤ពាន់លានរីងហ្គីត (១៣,៣ពាន់លានដុល្លារ) ដោយបង្កើតការងារដែលមានប្រាក់ខែខ្ពស់ចំនួន ២១ ៨១៥ កន្លែងនៅទូទាំងក្រុមហ៊ុនសរុបចំនួន ៤០២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
![]()
សាជីវកម្មសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភពវិនិយោគឌីជីថលកំពូលទាំងបួនដែលត្រូវបានអនុម័តនៅក្នុងត្រីមាសទី៣នោះ រួមមានវិនិយោគិនដែលមានមូលដ្ឋាននៅសិង្ហបុរី ដែលរួមចំណែក ២៥,១ពាន់លានរីងហ្គីត បន្ទាប់មកគឺវិនិយោគិនមកពីប្រទេសម៉ាឡេស៊ី (១៧,២ពាន់លានរីងហ្គីត) សហរដ្ឋអាមេរិក (៦,៤ពាន់លានរីងហ្គីត) និងប្រទេសចិន (៣ពាន់លានរីងហ្គីត)។
សេចក្តីថ្លែងការណ៍ដដែលនេះ បាននិយាយទៀតថា ៖”ការវិនិយោគទាក់ទងទៅនឹងបញ្ញាសិប្បនិម្មិត (AI) តែមួយ បានរួមចំណែកបង្កើតការងាររហូតដល់ ៨ ៣២៨ កន្លែង ដែលតំណាងឲ្យ ៣៨% នៃការងារសរុប ដោយនេះបានឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងសម្រាប់អ្នកជំនាញឌីជីថល អ្នកវិទ្យាសាស្រ្ត វិស្វករ AI និងអ្នកមានទេពកោសល្យលើសេវាកម្មឯកទេស”។
ទន្ទឹមនឹងនេះរដ្ឋមន្ត្រីឌីជីថលម៉ាឡេស៊ី លោក Gobind Singh Deo បាននិយាយថា សន្ទុះវិនិយោគដ៏រឹងមាំនេះ បានឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរបស់ប្រទេសក្នុងការដឹកនាំនៅក្នុងយុគសម័យ AI ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បច្ចេកវិទ្យា អាចក្លាយអ្នកបង្កើតដំណោះស្រាយសម្រាប់ AI ដែលមានការប្រកួតប្រជែងទូទាំងពិភពលោក៕

