ឈុតកីឡា Nike ដែលមេដឹកនាំវេណេស៊ុយអេឡា Maduro ពាក់អំឡុងពេលអាមេរិកចាប់ខ្លួន កំពុងលក់ដាច់ខ្លាំង

អន្តរជាតិ

ការចាប់ខ្លួនរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីពេលថ្មីៗនេះ បានក្លាយជាការផ្សព្វផ្សាយពាណិជ្ជកម្មដ៏សំខាន់មួយ សម្រាប់ឈុតកីឡារបស់ក្រុមហ៊ុន Nike ដោយសារតែរូបថតមួយសន្លឹកដែលត្រូវបានបង្ហោះដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ អំឡុងពេលបញ្ជូនខ្លួនលោក Maduro ទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រូបភាពមួយសន្លឹកដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកកំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺបង្ហាញពីលោក Maduro ដែលដៃកំពុងជាប់ខ្នោះ កាន់ដបទឹក អមជាមួយកាសបិទត្រចៀក និងភ្នែករបស់លោក ខណៈពេលកំពុងស្លៀកពាក់ឈុតកីឡាពណ៌ប្រផេះរបស់ក្រុមហ៊ុន Nike។

យ៉ាងណាមិញ ការស្វែងរកឈុតកីឡានេះ បានកើនឡើងយ៉ាងខ្លាំងនៅលើ Google ចាប់តាំងពីរូបថតរបស់លោក Maduro ត្រូវបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយនានាទូទាំងពិភពលោក ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានបង្ហោះរូបភាពនេះ។

គួរឲ្យដឹងថា អាវ Hoodie របស់ឈុតកីឡានេះ ដែលមានតម្លៃប្រហែល ១៤០ដុល្លារ នៅទីផ្សារអាមេរិក និងប្រហែល ១២០អឺរ៉ូ នៅទីផ្សារអឺរ៉ុប បានក្លាយជាសម្លៀកបំពាក់លក់ដាច់បំផុត នៅលើហាងអនឡាញរបស់ Nike។

ជម្រាបជូនផងដែរថា លោក ត្រាំ បានបញ្ជាឲ្យបើកប្រតិបត្តិការយោធាពិសេសមួយ ដើម្បីចាប់ខ្លួនលោក Maduro បន្ទាប់ពីនោះលោក និងភរិយារបស់លោក គឺលោកស្រី Cilia Flores ត្រូវបាននាំខ្លួនទៅកាន់ទីក្រុងញូវយ៉កភ្លាមៗ ដែលជាកន្លែងពយកគេប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន៕​