ក្រុមហ៊ុនខ្នាតយក្សអាមេរិក GM រងការខាតបង់ ៦ពាន់លានដុល្លារ ដោយសារការវិនិយោគលើរថយន្ត EV

អន្តរជាតិ

ក្រុមហ៊ុនផលិតខ្នាតយក្សរបស់អាមេរិក General Motors (GM) បានទទួលរងការខាតបង់រាប់ពាន់លានដុល្លារ បន្ទាប់ពីមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៃគោលនយោបាយយានយន្តអគ្គិសនីក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន GM កាលពីថ្ងៃទី៨ ខែមករា បានប្រកាសថា ការខាតបង់សរុបរបស់ខ្លួនអាចនឹងមានចំនួនរហូតដល់ ៧,១ពាន់លានដុល្លារ គិតនៅត្រឹមត្រីមាសទី៤ នៃឆ្នាំ២០២៥ របស់ខ្លួន។ ក្នុងចំណោមនោះ ក្រុមហ៊ុនទទួលរងការខាតបង់អស់ ៦ពាន់លានដុល្លារ ដោយសារការថយចុះទាក់ទងការវិនិយោគលើរថយន្តអគ្គិសនី ខណៈ ១,១ពាន់លានដុល្លារផ្សេងទៀត គឺជាការចំណាយទៅលើការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញសម្រាប់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC General Motors នៅក្នុងប្រទេសចិន។

គួរឲ្យដឹងថា នៅត្រីមាសទី៣ នៃឆ្នាំ២០២៥ ក្រុមហ៊ុន GM ក៏ទទួលរងនូវការខាតបង់ទឹកប្រាក់អស់ប្រមាណ ១,៦ពាន់លានដុល្លារ ផងដែរ ដោយសារតែការកែសម្រួលយុទ្ធសាស្ត្រ ខណៈពេលដែលគោលនយោបាយយានយន្តអគ្គិសនីបានផ្លាស់ប្តូរយ៉ាងខ្លាំងក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ មុនពេលលោក ត្រាំ ចូលកាន់តំណែង ក្រុមហ៊ុន GM បានវិនិយោគទឹកប្រាក់យ៉ាងច្រើនទៅលើសមត្ថភាពផលិតយានយន្តអគ្គិសនី។

ជម្រាបជូនថា ចាប់តាំងពីលោក ត្រាំ​ ចូលកាន់តំណែងមក សហរដ្ឋអាមេរិក បានបញ្ចប់គំនិតផ្តួចផ្តើមលើវិស័យរថយន្តអគ្គិសនីសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដោយអតីតប្រធានាធិបតី លោក ចូ បៃដិន។ ហើយដោយបន្ថែមពីលើការលុបចោលការលើកទឹកចិត្តពន្ធសម្រាប់អ្នកទិញរថយន្តអគ្គិសនី រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីការបំភាយឧស្ម័នកាបូនផងដែរ៕​