រដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែមករា បានស្នើឲ្យមានការកាត់ទោសប្រហារជីវិតទៅលើអតីតប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករបស់លោក កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានធ្វើឲ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងភាពវឹកវរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Yoon បានបង្កឲ្យមានវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស បន្ទាប់ពីការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកភ្លាមៗ ក្រោមហេតុផលការពារសន្តិសុខជាតិ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងរបស់លោកនេះបានបរាជ័យ ហើយលោកបានក្លាយជាប្រធានាធិបតីដែលកំពុងកាន់អំណាចដំបូងគេរបស់ប្រទេស ដែលត្រូវបានចាប់ខ្លួន។
យ៉ាងណាមិញ ការកាត់ក្តីព្រហ្មទណ្ឌរបស់លោក Yoon ចំពោះការបះបោរ ការរំលោភអំណាច និងបទល្មើសផ្សេងទៀតដែលទាក់ទងទៅនឹងការដាក់ចេញច្បាប់អាជ្ញាសឹកនេះ បានឈានដល់ទីបញ្ចប់នៅថ្ងៃទី១៣ ខែមករាកន្លងទៅនេះ បន្ទាប់ពីដំណើរការនីតិវិធីរយៈពេល ១១ម៉ោង ។
ទន្ទឹមនឹងនេះ រដ្ឋអាជ្ញាបានចោទប្រកាន់លោក Yoon ថាជាមេខ្លោងនៃការបះបោរ ហើយមិនគួរមានការបន្ធូរបន្ថយណាមួយនៅក្នុងការដាក់ទោសលោកនោះឡើយ ហើយការកាត់ទោសត្រូវតែដាក់ឲ្យធ្ងន់ធ្ងរបំផុត។
ជម្រាបជូនផងដែរថា តុលាការកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅក្នុងសំណុំរឿងនេះ នៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

