សហរដ្ឋអាមេរិក ប្រកាសដាក់ពន្ធនាំចូលលើបន្ធះឈីប AI កម្រិតខ្ពស់មួយចំនួន

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានប្រកាសថាលោកនឹងដាក់ពន្ធនាំចូល ២៥% ទៅលើបន្ទះឈីប AI កម្រិតខ្ពស់មួយចំនួន ដូចជាបន្ទះឈីប Nvidia H200 និងបន្ទះឈីប MI325X របស់ AMD ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការប្រកាសមួយរបស់សេតវិមាន កាលពីថ្ងៃទី១៤ ខែមករា បានឲ្យដឹងថា លោក ត្រាំ​ បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដើម្បីការពារសេដ្ឋកិច្ច និងសន្តិសុខជាតិ បន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេល ៩ខែក្រោយមក។ ក្រោមច្បាប់ថ្មីនេះ នឹងគ្រប់គ្រងទៅលើបន្ទះឈីបកម្រិតខ្ពស់មួយចំនួន ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យការអនុវត្តជាក់លាក់ ដែលនឹងត្រូវទទួលរងពន្ធ ២៥% នៅពេលនាំចូលមកសហរដ្ឋអាមេរិក។

ជុំវិញប្រកាសនេះផងដែរ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឲ្យក្រុមហ៊ុនផលិតបន្ទះឈីបបង្កើនផលិតកម្មនៅសហរដ្ឋអាមេរិក និងកាត់បន្ថយការពឹងផ្នែកលើទីតាំងផលិតផ្សេងទៀត ដូចជាតៃវ៉ាន់ ជាដើម។

មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយទៀតថា ៖”បច្ចុប្បន្នសហរដ្ឋអាមេរិកផលិតបន្ទះឈីបប្រហែល ១០% ប៉ុណ្ណោះនៃបន្ទះឈីបដែលខ្លួនត្រូវការ ដែលធ្វើឱ្យសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងលើខ្សែសង្វាក់ផ្គត់ផ្គង់បរទេស”។ សហរដ្ឋអាមេរិកចាត់ទុកការពឹងផ្អែកនេះថាជាហានិភ័យសេដ្ឋកិច្ច និងសន្តិសុខជាតិដ៏សំខាន់៕​