ក្រុមហ៊ុន Apple ដណ្តើមចំណែកទីផ្សារស្មាតហ្វូនធំបំផុតនៅប្រទេសចិន ក្នុងត្រីមាសទី៤

អន្តរជាតិ

យោងតាមស្ថាប័នស្រាវជ្រាវ Counterpoint Research បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនអាមេរិក Apple បានត្រលប់មកឈរតំណែងកំពូលវិញនៃទីផ្សាស្មាតហ្វូនចិន ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ខណៈការលក់ទូរស័ព្ទ iPhone បានកើនឡើងរហូតដល់ ២៨% បើទោះបីជាមានកង្វះខាតគ្រឿងបន្លាស់សំខាន់ៗជាច្រើនក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Apple ទទួលបានចំណែកទីផ្សារសរុប ២២%​ នៅក្នុងត្រីមាសទី៤ ដោយសារតែតម្រូវការដ៏រឹងមាំសម្រាប់ iPhone 17 ស៊េរីរបស់ខ្លួន និងការពង្រីកការផ្គត់ផ្គង់លឿងជាងការរំពឹងទុក។

ទន្ទឹមនឹងនេះ ការទិញទំនិញរបស់ជនជាតិចិននៅក្នុងរដូវវិស្សមកាលក៏បានជួយបបង្កើនការលក់ឧបករណ៍របស់ Apple ដល់ប្រហែលមួយភាគប្រាំនៃការដឹកជញ្ជូនស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន នៅក្នុងត្រីមាសនោះ ផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០២៥ ទាំងមូល ក្រុមហ៊ុនខ្នាតយក្សចិន Huawei បានបន្តជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងការនាំចេញស្មាតហ្វូនរបស់ប្រទេសចិន ជាមួួយចំណែកទីផ្សារ ១៦,៩ ខណៈពេលដែលក្រុមហ៊ុន Apple តាមពីក្រោយយ៉ាងប្រកៀក ដោយមានចំណែកទីផ្សារ ១៦,៧% ។

ទន្ទឹមនឹងនេះ​ យោងតាមរបាយការណ៍របស់ Bloomberg បានរាយការណ៍ថា ការលក់ iPhone កាន់តែរឹងមាំបានកើតឡើង ខណៈដែលឧស្សាហកម្មនេះប្រឈមមុខនឹងការផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំកាន់តែតឹងតែង។ កង្វះខាតនេះបានលេចឡើងបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំបានផ្លាស់ប្តូរសមត្ថភាពទៅជាគ្រឿងបន្លាស់កម្រិតខ្ពស់ដែលប្រើក្នុងបន្ទះឈីប AI របស់ Nvidia ជំនួសវិញ ដែលជំរុញឱ្យតម្លៃកាន់តែខ្ពស់ និងធ្វើឱ្យក្រុមហ៊ុនផលិតតូចៗដែលខ្វះកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលវែងកាន់តែពិបាករកស៊ី៕​