លោក ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាពជាផ្លូវការ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាព ដែលជាពេលវេលាដែលស្ថាប័នអន្តរជាតិថ្មីបំផុតរបស់លោក ត្រាំ នឹងចាប់ផ្តើមធ្វើការងាររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើច្បាប់បង្កើតក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានធ្វើឡើងនៅទីក្រុង Davos ប្រទេសស្វីស នៅថ្ងៃទី២២ ខែមករា ដោយមានការចូលរួមពីតំណាងមកពីជិត ២០ ប្រទេស ដែលភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង។ ប៉ុន្តែក្នុងនោះគ្មានប្រទេសនៅអឺរ៉ុបណាមួយបង្ហាញវត្តមាននៅក្នុងកម្មវិធីនេះនោះឡើយ។

ទន្ទឹមនឹងនេះ​ លោក ត្រាំ បានប្រកាសក្រោយការចុះកិច្ចព្រមព្រៀងនេះថា ពិភពលោកឥឡូវនេះមានសន្តិភាពជាងមុនពេលលោកចូលកាន់តំណែង ដោយអះអាងថា ក្រុមប្រឹក្សាសន្តិភាពរបស់លោក នឹងជួយចរចាសម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាដោះស្រាបញ្ហាសកលនានា ក្នុងពេលឆាប់ៗនេះ។

ជម្រាបជូនថា ក្រុមប្រឹក្សាសន្តិភាព ដូចដែលលោក ត្រាំ បានគ្រោងទុកដំបូង គឺជាក្រុមតូចមួយនៃមេដឹកនាំពិភពលោក ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យផែនការសន្តិភាពនៅក្នុងតំបន់ហ្គាហ្សា។ តែទោះជាយ៉ាងណាក៏ដោយ ទំហំរបស់ស្ថាប័ននេះត្រូវបានពង្រីក បន្ទាប់ពីលោក ត្រាំ បានផ្ញើលិខិតអញ្ជើញទៅកាន់ប្រទេសប្រហែល ៦០ និងបានបង្ហើបថា ក្រុមប្រឹក្សានេះនឹងដើរតួជាអ្នកសម្របសម្រួលសម្រាប់ជម្លោះសកលក្នុងពេលឆាប់ៗនេះ ដូចជា UN ដែរ។

យ៉ាងណាមិញ មានប្រទេសប្រហែល ៣៥ បានទទួលយកការអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពនេះ។ ហើយក្រៅពីសហរដ្ឋអាមេរិក គ្មានសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិណាម្នាក់ចូលរួមក្នុងអង្គការនេះ នាពេលបច្ចុប្បន្ននេះទេ៕​