តម្លៃមាសអន្តរជាតិបន្តហក់ឡើងលើស ៥ ០០០ដុល្លារក្នុងមួយអោន លើកដំបូងក្នុងប្រវត្តិសាស្រ្ត

អន្តរជាតិ

តម្លៃមាសអន្តរជាតិ ត្រូវបានគេរាយការណ៍ថាកំពុងបន្តហក់ឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយមិនធ្លាប់មានៅក្នុងប្រវត្តិសាស្រ្ត គឺប្រមាណ ៥ ០៦៦ដុល្លារ នៅក្នុងមួយអោន ចំពេលតម្រូវការសម្រាប់ទ្រព្យសកម្មមានសុវត្ថភាពកាន់កើនឡើងខ្លាំង ដោយសារតែភាពតានតឹងលើភូមិសាស្រ្តនយោបាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡុងពេលបើកការជួញដូរនៅព្រឹកថ្ងៃទី៦ ខែមករា តម្លៃមាសនៅលើទីផ្សារពិភពលោក បានកើនឡើងជាង ៨០ដុល្លារភ្លាមៗ ដល់ចំនួន ៥ ០៦៦ដុល្លារក្នុងមួយអោន។ អ្នកវិភាគជឿជាក់ថាការកើនឡើងនេះ គឺកើតឡើងដោយសារតែវិនិយោគិនបន្តទិញចូលមាស សម្រាប់ទុកជាទ្រព្យដ៏មានសុវត្ថិភាពរបស់ពួកគេ ចំពេលកំពុងមានភាពតានតឹងភូមិសាស្រ្តនយោបាយសកលដែលកំពុងកើនឡើងខ្លាំង។

គួរឲ្យដឹងផងដែរថា កាលពីឆ្នាំមុន តម្លៃមាសបានកើនឡើង ៦៤% ដែលភាគច្រើនត្រូវបានជំរុញដោយតម្រូវការទ្រព្យសកម្មមានសុវត្ថិភាព ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក ការទិញចូលមាសរបស់ធនាគារកណ្តាល (ជាពិសេសប្រទេសចិន) និងការកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកជាដើម។

យ៉ាងណាមិញ បើតាមលោក Philip Newman នាយកប្រចាំនៅស្ថាប័ន Metals Focus បានមានប្រសាសន៍ថា ៖”យើងអាចព្យាករពីការកើនឡើងតម្លៃមាសបន្ថែមទៀត។ មាសអាចឡើងដល់ ៥ ៥០០ដុល្លារនៅចុងឆ្នាំនេះ។ ភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងណាតូលើបញ្ហា Greenland កំពុងផ្តល់កម្លាំងចលករថ្មីដល់ការកើនឡើងនៃតម្លៃមាស ដែលបន្ថែមទៅលើអស្ថិរភាពហិរញ្ញវត្ថុ និងភូមិសាស្ត្រនយោបាយផងដែរ”៕​