ទីបំផុត ឥណ្ឌា និង EU ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្រោយចរចាអស់ពេលជាយូរ

អន្តរជាតិ

យោងតាមនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃទី២៧ ខែមករា បានប្រកាសពីការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្រ្ត ជាមួយសហភាពអឺរ៉ុប (EU) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Modi បានប្រកាសថា ៖” កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយត្រូវបានចុះហត្ថលេខារវាងសហភាពអឺរ៉ុប និងឥណ្ឌា។ វានឹងនាំមកនូវឱកាសដ៏អស្ចារ្យដល់ប្រជាជនឥណ្ឌា ១,៤ ពាន់លាននាក់ និងប្រជាជនអឺរ៉ុបរាប់លាននាក់ទៀត”។ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ភាគីទាំងពីរបានចាប់ផ្តើមបើកការចរចាជិតពីរទសវត្សមុនមកម្លេះ។

យ៉ាងណាមិញ លោក Modi និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ត្រូវបានគេរំពឹងទុកថានឹងចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ នៅឯកិច្ចប្រជុំកំពូលឥណ្ឌា-សហភាពអឺរ៉ុបនៅទីក្រុងញូវដេលី នាពេលឆាប់ៗនេះ ខណៈពេលដែលភាគីទាំងពីរក៏នឹងប្រកាសអំពីព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងនេះផងដែរ។

ជម្រាបជូនថា សហភាពអឺរ៉ុបបច្ចុប្បន្នគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា ដោយពាណិជ្ជកម្មទ្វេភាគីបានឈានដល់ចំនួនទឹកប្រាក់ប្រមាណ ១៣៦,៥ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៥៕​