សមាជិកគ្រួសារថៅកែក្រុមហ៊ុនខ្នាតយក្ស Vingroup ពីររូបឡើងងារជាមហាសេដ្ឋី

អន្តរជាតិ

សមាជិកគ្រួសាររបស់ស្ថាបនិកក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup ពីររូប រួមជាមួយប្រធានធនាគារ VPBank ត្រូវបានទស្សនាវដ្តី Forbes ចាត់ថ្នាក់ជាមហាសេដ្ឋី ដែលនាំឲ្យចំនួនមហាសេដ្ឋីរបស់ប្រទេសវៀតណាមសរុប កើនឡើងដល់៨ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីចំណូលថ្មីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ គឺលោកស្រី Pham Thu Huong អនុប្រធានក្រុមហ៊ុន Vingroup ដែលមានចំនួនទ្រព្យសម្បត្តិសរុបប្រមាណ ២,២ពាន់លានដុល្លារ គិតនៅត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

គួរឲ្យដឹងថាលោកស្រី Huong គឺជាភរិយារបស់លោក Pham Nhat Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup និងជាមហាសេដ្ឋីមានដាច់គេរបស់ប្រទេសវៀតណាម។ លោកស្រី Huong កាន់កាប់ភាគហ៊ុនប្រហែល ៤,៤% នៅក្នុងក្រុមហ៊ុន Vingroup។

ទន្ទឹមនឹងនេះ លោកស្រី Pham Thuy Hang ដែលជាប្អូនស្រីបង្កើតរបស់លោក Huong ក៏ចូលរួមក្នុងបញ្ជីមហាសេដ្ឋីវៀតណាមផងដែរ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១,៥ពាន់លានដុល្លារ។ លោកស្រីបច្ចុប្បន្នក៏កាន់តំណែងជាអនុប្រធានក្រុមហ៊ុន Vingroup ផងដែរ ដោយក្តាប់ភាគហ៊ុនប្រមាណជិត ៣% ។

ដោយឡែក មហាសេដ្ឋីចំណូលថ្មីទីបី គឺលោក Ngo Chi Dung ប្រធានធនាគារ VPBank ដែលទ្រព្យសម្បត្តិសរុបរបស់លោកត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,១ពាន់លានដុល្លារ។ លោក Dung មានភាគហ៊ុនប្រហែល ៤,១៤% នៅក្នុងធនាគារ VPBank៕​