ការលក់រថយន្ត Tesla ផលិតនៅចិន កើនឡើងជិត ១០% នៅក្នុងខែមករា

អន្តរជាតិ

ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla ដែលផលិតនៅក្នុងប្រទេសចិន មានចំនួនសរុប ៦៩ ១២៩ គ្រឿង នៅក្នុងខែមករា ពោលគឺបានកើនឡើង ៩,៣% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញចំនួននេះ មានន័យថាការលក់របស់ក្រុមហ៊ុន Tesla បានបន្តកើនឡើងសម្រាប់ខែទីបីជាប់ៗគ្នាហើយ បើទោះបីជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិកមួយនេះ បានប្រឈមមុខទៅនឹងចំណែកទីផ្សារដែលកំពុងធ្លាក់ចុះទាំងនៅក្នុងប្រទេសចិន និងអឺរ៉ុបក៏ដោយ។

ប៉ុន្តែទោះជាយ៉ាងក៏ដោយ ក្រុមហ៊ុន Tesla បានតស៊ូជាមួយនឹងការធ្លាក់ចុះនៃការលក់ពេញមួយឆ្នាំចុងក្រោយនៅក្នុងទីផ្សារសំខាន់របស់អឺរ៉ុប ជាកន្លែងដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ុន BYD របស់ចិន។

គួរឲ្យដឹងផងដែរថា នៅក្នុងប្រទេសចិន ចំណែកទីផ្សាររថយន្តអគ្គិនសីដែលមានការប្រកួតប្រជែងខ្លាំងរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះមកនៅត្រឹម ៨% កាលពីឆ្នាំមុន ពីចំនួន ១០% នៅក្នុងឆ្នាំ២០២៤ បើទោះបីជាការលក់នៅខែធ្នូ បានឈានដល់ចំនួនកំណត់ត្រា ៩៣ ៨៤៣ គ្រឿងក៏ដោយ។

ជម្រាបជូនថា ក្រុមហ៊ុន BYD ដែលជាដៃគូប្រកួតប្រជែងចិនដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla បានរាយការណ៍ពីការធ្លាក់ចុះ ៣០% នៃការលក់ទូទាំងពិភពលោកក្នុងខែមករា ខណៈពេលដែលគម្រោងរបស់រដ្ឋាភិបាលដែលបានកែសម្រួលឡើងវិញនៃការឧបត្ថម្ភធនសម្រាប់ការដោះដូររថយន្តបានជះឥទ្ធិពលដល់ម៉ាកយីហោរថយន្តលំដាប់ថវិកាជាច្រើន៕​