យោងតាមលោក C.C. Wei នាយកប្រតិបត្តិរបស់ក្រុមហ៊ុនកំពូលតៃវ៉ាន់ TSMC បានប្រកាសពីផែនការក្នុងការបោះទុនវិនិយោគទឹកប្រាក់រហូតដល់ទៅ ១៧ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីប ៣ ណាណូម៉ែត្រកម្រិតខ្ពស់ នៅ Kumamoto ភាគខាងត្បូងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់បន្ទះឈីប AI ដ៏សំខាន់ដល់ក្រុមហ៊ុនខ្នាតយក្សដូចជា Nvidia បច្ចុប្បន្នកំពុងផលិតបន្ទះឈីបទំនើបបំផុតរបស់ខ្លួន នៅតែតៃវ៉ាន់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ជុំវិញការប្រកាសពីផែនការចុងក្រោយរបស់ TSMC នេះ កំពុងជ្រើសរើសយកប្រទេសជប៉ុន ជាទីតាំងថ្មីបំផុតរបស់ខ្លួន សម្រាប់ការផលិតបន្ទះឈីប ៣ ណាណូម៉ែត្រកម្រិតខ្ពស់ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងកុំព្យូទ័រដំណើរការខ្ពស់ និងម៉ាស៊ីនមេ AI ។
មិនតែប៉ុណ្ណោះ លោក Wei បាននិយាយនៅទីក្រុងតូក្យូក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ថា ៖” យើងជឿជាក់ថារោងចក្រនេះនឹងរួមចំណែកបន្ថែមទៀត ដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ហើយអ្វីដែលសំខាន់បំផុត គឺការបង្កើតជាមូលដ្ឋានសម្រាប់អាជីវកម្ម AI របស់ប្រទេសជប៉ុន”។
នាយកប្រតិបត្តិក្រុមហ៊ុន TSMC រូបនេះ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា ក្រុមហ៊ុនក៏កំពុងពិភាក្សាជាមួយអតិថិជន និងដៃគូជប៉ុន លើកិច្ចសហការបន្ថែមទៀតលើវិស័យជាច្រើនដែលសំខាន់ចំពោះឧស្សាហកម្ម AI ផងដែរ៕

