កាសែត The Washington Post បានជូនដំណឹងដល់បុគ្គលិកកាលពីថ្ងៃទី៤ ខែកុម្ភៈថា ខ្លួននឹងចាប់ផ្តើមកាត់បន្ថយចំនួនបុគ្គលិកយ៉ាងច្រើន ដែលជាការផ្លាស់ប្តូរដ៏ធំបំផុតមួយចំពោះកាសែតដ៏ល្បីល្បាញនេះ ក្រោមការគ្រប់គ្រងដោយមហាសេដ្ឋីលំដាប់កំពូល Jeff Bezos ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico ។

យោងតាមលោក Matt Murray និពន្ធនាយកនៃកាសែត The Washington Post នេះ បានបង្ហាញឲ្យដឹងថា ជុំវិញការកាត់បន្ថយនេះ នឹងប៉ះពាល់ដល់បុគ្គលិកស្ទើតែគ្រប់ផ្នែកព័ត៌មានទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ ចំពោះទំហំ និងវិសាលភាពនៃការបញ្ឈប់បុគ្គលិក ហាក់មិនទាន់ត្រូវបានទម្លាយឲ្យដឹងច្បាស់លាស់នៅឡើយនោះទេ។ ប៉ុន្តែបុគ្គលិករាប់រយនាក់របស់កាសែតដ៏ធំនេះ អាចនឹងត្រូវបាត់បង់ការងាររបស់ពួកគេ។
គួរឲ្យដឹងថា ការប្រកាសបញ្ឈប់បុគ្គលិកចុងក្រោយនេះ ត្រូវបានចាត់ទុកថាជារឿងដ៏ច្របូកច្របលមួយ សម្រាប់កាសែត The Washington Post ដែលត្រូវបានទិញដោយមហាសេដ្ឋី Bezos នៅក្នុងឆ្នាំ២០១៣។ កាសែតនេះ បានឆ្លងកាត់ការផ្លាស់ប្តូរថា្នក់ដឹកនាំសំខាន់ៗជាច្រើន ហើយត្រូវបានរំខានដល់ការសម្រេចចិត្តរបស់លោក Bezos ផ្ទាល់។
លើសពីនេះ វាត្រូវបានគេយល់ឃើញទៀតថា ការបញ្ឈប់បុគ្គលិកទាំងនេះបានកើតឡើង ខណៈដែលកាសែត The Washington Post បន្តប្រឈមមុខនឹងផលលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង។ យោងតាមកាសែត The Wall Street Journal កាសែតនេះបានខាតបង់ប្រមាណ ១០០លានដុល្លារនៅឆ្នាំ២០២៤ ដែលបន្ថែមសម្ពាធលើការគ្រប់គ្រងដើម្បីទប់ស្កាត់ការចំណាយ៕

