បុរសម្នាក់ ត្រូវកាត់ទោសឲ្យជាប់គុករយៈពេល ១០ឆ្នាំពីបទប្រមាថស្តេចថៃ

អន្តរជាតិ

បុរសជនជាតិថៃម្នាក់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារសរុបចំនួន ៥០ឆ្នាំពីបទប្រមាថស្តេចថៃ ដែលជាទោសរយៈពេលដ៏វែងបំផុតមួយដែលត្រូវបានកាត់ទោសក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តុលាការព្រហ្មទណ្ឌថៃ នៅថ្ងៃទី១១ ខែកុម្ភៈនេះ បានកាត់ទោសលោក Phuritikon Sarakul ដែលបច្ចុប្បន្នរស់នៅក្រៅប្រទេស ឲ្យជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ពាក់ព័ន្ធទៅនឹងការបង្ហោះនៅលើបណ្តាញសង្គមដែលរិះគន់ទៅលើស្តេច Maha Vajiralongkorn នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២២។ លោក Phuritikon ត្រូវបានកាត់ទោសពីបទចោទប្រកាន់ចំនួន ១០ ដែលទីមួយៗមានកម្រិតទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ។

មិនតែប៉ុណ្ណោះ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ លោក Phuritikon ក៏ត្រូវបានតុលាការថៃ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំផងដែរ ចំពោះបទឧក្រិដ្ឋដូចគ្នាននេះ ដែលធ្វើឲ្យចំនួនទោសសរុបរបស់លោកកើនឡើងដល់ ៥០ឆ្នាំ ដែលជាទោសធ្ងន់ធ្ងរ និងរយៈពេលវែងបំផុតមិនធ្លាប់មាន។

ជម្រាបជូនថា ក្រោមច្បាប់ មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ ដែលត្រូវបានគេស្គាល់ផងដែរថាជាច្បាប់ប្រមាថព្រះមហាក្សត្រ បានចែងថា អ្នកណាដែលបរិហារកេរ្តិ៍ ប្រមាថ ឬគំរាមកំហែងព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី អ្នកស្នងមរតក ឬព្រះរាជានុសិទ្ធិ នឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី ៣ទៅ១៥ឆ្នាំសម្រាប់បទល្មើសនីមួយៗ៕​