មហាសេដ្ឋីចិន លោក Haoyu Wang កំពុងចរចាទិញយកក្រុមហ៊ុនប្រព័ន្ធធារាស្រ្តអ៊ីស្រាអែល Netafim ពីក្រុមហ៊ុន Orbia របស់ប្រទេសម៉ិកស៊ិក នៅក្នុងតម្លៃប្រមាណ ១,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Jerusalem Post។

ជុំវិញការចរចានេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Orbia នៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានចរចាជាមួយភាគីផ្សេងៗជាច្រើន ដើម្បីលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួន នៅក្នុង Netafim ក្នុងគោលបំណងកាត់បន្ថយបំណុល។
គួរឲ្យដឹងផងដែរថា កន្លងមកមូលធិនិភាគហ៊ុនឯកជនអ៊ីស្រាអែល Fortissimo ធ្លាប់បានដាក់សំណើទិញយកដែរប៉ុន្តែត្រូវបានបរាជ័យវិញ ស្របពេលក្រុមហ៊ុន Orbia ឥឡូវនេះ កំពុងពិនិត្យមើលទៅលើការលក់ភាគហ៊ុនរបស់ខ្លួន ទៅឲ្យមហាសេដ្ឋីចិន លោក Wang ជំនួសវិញ ។
បច្ចុប្បន្នលោក Wang កំពុងរស់នៅរដ្ឋ Maryland សហរដ្ឋអាមេរិក លោកបានបម្រើការជាប្រធានក្រុមហ៊ុន Dayu Conserving Water Group ដែលជាក្រុមហ៊ុនបង្កើតឡើងដោយឪពុករបស់លោកផ្ទាល់ និងមានជំនាញដូច Netafim ដែរ ក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តខ្នាតតូច។
តាមដែលដឹង លោក Wang បានទៅទស្សនាប្រទេសអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាផ្នែកមួយនៃការចរចារបស់លោកក្នុងការទិញយកក្រុមហ៊ុន Netafim មកគ្រប់គ្រង។
ជម្រាបជូនថាក្រុមហ៊ុន Orbia មានភាគហ៊ុនសរុប ៨០% នៅក្នុងក្រុមហ៊ុន Netafim ដែលខ្លួនចង់លក់ ខណៈ ២០% ផ្សេងទៀត កាន់កាប់ដោយ Kibbutz Hatzerim ដែលជាស្ថាបនិករបស់ Netafim ផ្ទាល់៕

