ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កាលពីពេលថ្មីៗនេះ បានប្រកាសអំពីការចាកចេញរបស់លោក Raj Jegannathan ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មានបទពិសោធ ១៣ឆ្នាំ នៅក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk មួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម LinkedIn លោក Jegannathan បានរៀបរាប់អំពីពេលវេលារបស់លោកនៅក្នុងក្រុមហ៊ុន Tesla ថាជាការវិវត្តន៍ឥតឈប់ឈរមួយ ប៉ុន្តែលោកហាក់មិនបានផ្តល់ព័ត៌មានលម្អិតអំពីជំហានបន្ទាប់របស់លោក ឬមូលហេតុនៃការសម្រេចចិត្តដើរចេញពីក្រុមហ៊ុនឡើយ។
គួរឲ្យដឹងផងដែរថា លោក Raj Jegannathan នៅក្នុងក្រុមហ៊ុនបានបម្រើការងារជាអនុប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ AI កម្មវិធីអាជីវកម្ម និងសន្តិសុខព័ត៌មាន ផងដែរ។
យ៉ាងណាមិញ ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Tesla កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយ ដោយបានរាយការណ៍អំពីការធ្លាក់ចុះ ៣% នៃប្រាក់ចំណូលសម្រាប់ឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
លើសពីនេះ ក្រុមហ៊ុន Tesla ក៏កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ផងដែរ ដើម្បីបំពេញតាមការសន្យាយូរអង្វែងរបស់ខ្លួន ជុំវិញប្រព័ន្ធបើកបរស្វ័យប្រវត្តិពេញលេញ និងរថយន្តដែលមានសមត្ថភាពដំណើរការដោយគ្មានមនុស្សបើក៕

