ចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញការជឿជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជ្រើសរើសយកអ្នកនាង គីម ជូអេ ដែលជាកូនស្រីរបស់លោក និងត្រូវបានគេឃើញថាតែងតែងបង្ហាញមុខនៅក្បែរខ្លួនលោកនោះ ជាអ្នកស្នងតំណែងបន្ទាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សេវាចរកម្មជាតិ (NIS) នៃប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ទៅកាន់សមាជិកសភាក្នុងអំឡុងសម័យប្រជុំបិទទ្វារនៃរដ្ឋសភាកូរ៉េ នៅថ្ងៃទី១២ ខែកុម្ភៈថា ខ្លួនបានឈានដល់ការវាយតម្លៃបែបនេះ បន្ទាប់ពីមានការពិចារណាលើកត្តាមួយចំនួន រួមទាំងវត្តមានដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់អ្នកនាង ជូអេ នៅក្នុងព្រឹត្តិការណ៍ផ្លូវការនានា។
មិនតែប៉ុណ្ណោះ ដោយថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំនេះ សមាជិកសភា លោក Lee Seong-Kwen បាននិយាយថា ៖” អ្នកនាង ជូអេ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ជាច្រើន រួមទាំងខួបនៃការបង្កើតកងទ័ពកូរ៉េខាងជើង និងដំណើរទស្សនកិច្ចទៅកាន់រោងចក្រថាមពលព្រះអាទិត្យ Kumsusan។ ហើយក្នុងនោះ NIS ក៏បានកត់សម្គាល់ឃើញថា អ្នកនាង ជូអេ ក៏បានផ្តល់យោបល់លើគោលនយោបាយរដ្ឋមួយ ផងដែរ”។
ទន្ទឹមនឹងនេះ NIS បាននិយាយទៀតថា ខ្លួននឹងបន្តតាមដានយ៉ាងដិតដល់ថាតើអ្នកនាង ជូអេ នឹងចូលរួមសមាជគណបក្សពលករកូរ៉ែខាងជើងនៅចុងខែនេះឬអត់។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតរបស់ប្រទេស ដែលប្រារព្ធឡើងរៀងរាល់ប្រាំឆ្នាំម្តង ជាកន្លែងដែលទីក្រុងព្យុងយ៉ាងប្រកាសពីអាទិភាពគោលនយោបាយរបស់ខ្លួនសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ៕

