ក្រុមហ៊ុន Adani Enterprises របស់មហាសេដ្ឋីកំពូល Gautam Adani កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានប្រកាសថាខ្លួននឹងវិនិយោទឹកប្រាក់ ១០០ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យសម្រាប់បច្ចេកវិទ្យា AI ក្នុងគោលបំណងដាក់ឥណ្ឌាឲ្យក្លាយជាប្រទេសប្រកួតប្រជែង AI សកល។ នេះបើតាមកាចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រទេសឥណ្ឌា ក្នុងរយៈពេលចុងក្រោយនេះបានមើលឃើញពីការកើនឡើងនៃការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ AI យ៉ាងខ្លាំង ជាមួយនឹងក្រុមហ៊ុនលំដាប់ពិភពលោក ដូចជា Google , Amazon , Meta និង Microsoft ជាដើម ដែលបង្កើនការវិនិយោគរួមជាមួយក្រុមហ៊ុនក្នុងស្រុកដូចជា Reliance និង TCS ជាដើម។
យ៉ាងណាមិញ ដោយមើលឃើញពីការរីកចម្រើនទាំងនេះ ក្រុមហ៊ុន Adani បាននិយាយថា ការវិនិយោគរបស់ខ្លួន ត្រូវបានគេរំពឹងថានឹងបង្កើតសាច់ប្រាក់បន្ថែម ១៥០ពាន់លានដុល្លារ នៅទូទាំងឧស្សាហកម្មពាក់ព័ន្ធ រួមទាំងការផលិតម៉ាស៊ីនមេ និងប្រព័ន្ធផ្ទុកទិន្នន័យ Cloud ផងដែរ។
ទន្ទឹមនឹងនេះ លោក Gautam Adani ប្រធានក្រុមហ៊ុន Adani បាននិយាយនៅក្នុងការបង្ហោះសារមួយរបស់ខ្លួនលើបណ្តាញសង្គម X ថា ៖” អស់រយៈពេលជាច្រើនទសវត្សមកហើយ ឥណ្ឌា តែងតែនាំចូលបច្ចេកវិទ្យា។ ប៉ុន្តែឥឡូវនេះ យើងកំពុងកសាងឆ្អឹងខ្នងដោយខ្លួនឯង។ ឥណ្ឌានឹងមិនដើរតាម AI នោះទេ តែឥណ្ឌានឹងជាអ្នកបង្កើតវា”។
ជម្រាបជូនថា Adani មានគម្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលសមត្ថភាពទំហំ ២ ជីហ្គាវ៉ាត់ ជាមួយនឹងការទាញយកថាមពលពីរោងចក្រកកើតឡើងវិញរបស់ខ្លួនដែលមានស្រាប់ ហើយនឹងបន្តពង្រីកវាបន្ថែមទៀតរហូតដល់ ៥ ជីហ្គាវ៉ាត់ ដើម្បីបង្កើតជាវេទិកាមជ្ឈមណ្ឌលផ្ទុកទិន្នន័យរួមបញ្ចូលគ្នាធំបំផុតរបស់ពិភពលោក៕

