បុគ្គលិកយោធា និងជនស៊ីវិលជាច្រើននាក់នៅមន្ទីរបញ្ចកោណ បានទទួលសារគំរាមកំហែងពីក្រុម Hacker ដែលគាំទ្រដោយអ៊ីរ៉ង់ ខណៈពីមុនពួកគេបានកំណត់គោលដៅជាក់លាក់តែលើនាយក FBI ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សេវាស៊ើបអង្កេតឧក្រិដ្ឋកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិក (NCIS) បានប្រកាសនៅថ្ងៃទី១ ខែឧសភាថា បុគ្គលិកកងម៉ារីន បុគ្គលិកស៊ីវិល និងសមាជិកគ្រួសាររបស់ពួកគេជាច្រើននាក់ ត្រូវបានកំណត់គោលដៅដោយសារគំរាមកំហែងពីក្រុមមួយដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។
តាមរយៈសារដែលបានបញ្ជូនមកនោះ មានមួយបានសរសេរថា ៖”អង្គភាពមីស៊ីលរបស់យើងស្គាល់អត្តសញ្ញាណរបស់អ្នកហើយ។ ដូច្នេះអ្នកនឹងក្លាយជាគោលដៅរបស់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល Shahed ឆាប់ៗនេះ”។
យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ NCIS មិនទាន់អាចកំណត់អត្តសញ្ញាណរបស់ក្រុម Hacker នោះបានជាក់លាក់នៅឡើយនោះទេ ដោយគ្រាន់តែវាយតម្លៃថា វាគ្រាន់តែជាការគំរាមកំហែងប៉ុណ្ណោះ ពោលគឺមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។
អ្នកនាំពាក្យ NCIS បាននិយាយថា នេះគឺជាទម្រង់នៃយុទ្ធនាការយាយីឌីជីថល និងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានគោលបំណងចម្បងក្នុងការបង្កឱ្យមានការភាន់ច្រឡំជាជាងការបង្ហាញសញ្ញាគំរាមកំហែងពិតប្រាកដនៃការវាយប្រហារ។ ហើយក្រុមមន្ត្រីសហរដ្ឋអាមេរិក កំពូងតាមដានសកម្មភាពទាំងនេះជាប្រចាំ។
យោងតាមគេហទំព័រព័ត៌មានយោធាអាមេរិក Task & Purpose បានបង្ហាញឲ្យដឹងទៀតថា យុទ្ធនាការផ្ញើសារនេះត្រូវបានធ្វើឡើងដោយក្រុម Handala តាមរយៈកម្មវិធីផ្ញើសារ WhatsApp ដោយកំណត់គោលដៅលើបុគ្គលិកកងម៉ារីន និងកងទ័ពជើងទឹកដែលកំពុងបម្រើការ សហរដ្ឋអាមេរិក ឬពីមុនធ្លាប់បម្រើការនៅមូលដ្ឋានទ័ពអាមេរិកនានា ក្នុងតំបន់ឈូងសមុទ្រពែរ្ស៕

