មូលនិធិវិនិយោគរបស់រដ្ឋាភិបាលប្រទេសអារ៉ាប់រួមចំនួនពីរ ត្រូវបានគេប៉ាន់ប្រមាណថា បានកាន់កាប់កាក់ Bitcoin ដែលមានតម្លៃសរុបជាង ១ពាន់លានដុល្លារ គិតនៅត្រឹមចុងឆ្នាំ២០២៥ តាមរយៈទីផ្សារប្តូររូបិយប័ណ្ណឌីជីថល ETF របស់ក្រុមហ៊ុនអាមេរិក BlackRock។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CoinDesk។

យោងតាមព័ត៌មានដែលចេញផ្សាយតាមរយៈរបាយការណ៍ដែលបានដាក់ជូនគណៈកម្មការមូលបត្រ និងប្តូរប្រាក់សហរដ្ឋអាមេរិក (SEC) ក្រុមហ៊ុនវិនិយោគ Mubadala ដែលជាមូលនិធិទ្រព្យសម្បត្តិរដ្ឋដែលគាំទ្រដោយរដ្ឋាភិបាលអារ៉ាប់រួម បានទិញ iShares Bitcoin Trust (IBIT) ជិត ៤ លានកាក់បន្ថែម ចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០២៥ ដែលនាំឱ្យការកាន់កាប់សរុបរបស់ខ្លួនកើនដល់ ១២,៧ លានកាក់។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលតម្លៃកាត់ BTC បានធ្លាក់ចុះប្រហែល ២៣% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Al Warda Investments ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគមួយផ្សេងទៀតដែលមានមូលដ្ឋាននៅអារ៉ាប់រួមដែរនោះ បានកាន់កាប់កាក់ BTC ចំនួន ៨,២ លានកាក់ គិតនៅត្រឹមនៅចុងត្រីមាសទី៤ ឆ្នាំ២០២៥។ សរុបមក មូលនិធិទាំងពីរបានកាន់កាប់ Bitcoin ដែលមានតម្លៃជាង ១ពាន់លានដុល្លារតាមរយៈ IBIT នៅចុងឆ្នាំ២០២៥។
ជម្រាបជូនថា ទីផ្សាររូបិយប័ណ្ណឌីជីថលបានបង្ហាញភាពទន់ខ្សោយយ៉ាងខ្លាំង នៅដើមសប្តាហ៍នេះ ដោយកាក់ Bitcoin ធ្លាក់ថ្លៃចុះក្រោម ៦៧ ០០០ដុល្លារក្នុងកាក់ បើធៀបទៅនឹងចុងសប្តាហ៍មុន ដែលមានតម្លៃជិត ៧០ ០០០ដុល្លារក្នុងមួយកាក់៕

