អ្នកស្រី Paetongtarn Shinawatra បាននិយាយថាលោក ថាក់ស៊ីន ដែលជាឪពុករបស់ខ្លួន អាចនឹងឈប់ពីសកម្មភាពនយោបាយរបស់គាត់ហើយ បន្ទាប់ពីលោកត្រូវបានបញ្ជាក់ថាមានសិទ្ធិទទួលបានការដោះលែងពីពន្ធនាគារមុនកាលកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

នាយកដ្ឋានកែតម្រូវថៃបានបញ្ជាក់នៅថ្ងៃទី២៦ ខែកុម្ភៈថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានសិទ្ធិទទួលបានការលើកលែងទោសនៅក្នុងខែឧសភា ដែលជាពេលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះបានអនុវត្តទោសជាប់ពន្ធនាគារពីរភាគបីនៃទោសមួយឆ្នាំរបស់លោក។
យ៉ាងណាមិញ ដោយឆ្លើយតបទៅនឹងសំណួរថាតើលោក ថាក់ស៊ីន នឹងដកខ្លួនចេញពីឆាកនយោបាយថៃ បន្ទាប់ពីការដោះលែងឬអត់ កូនស្រីរបស់គាត់ គឺលោកស្រី Paetongtarn បានបញ្ជាក់ថាឪពុករបស់លោកស្រី ទំនងនឹងមិនចូលប្រឡូកក្នុងឆាកនយោបាយទៀតនោះឡើយ នៅពេលដែលលោកត្រូវបានដោះលែង។
ជម្រាបជូន លោក ថាក់ស៊ីន បានវិលត្រឡប់មកប្រទេសថៃវិញនៅឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនជាង ១៥ឆ្នាំ ហើយក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំពីបទរំលោភអំណាច ក្នុងអំឡុងពេលកាន់តំណែង ក្រោយមកត្រូវបានកាត់បន្ថយមកត្រឹមមួយឆ្នាំដោយសារការលើកលែងទោសពីព្រះមហាក្សត្រ៕

