វៀតណាម បានបញ្ជាក់នូវជំហរជាថ្មីប្រឆាំងនឹងការវាយប្រហាររបស់អាម៉េរិកនិងអ៊ីស្រាអែល ដែលប្រើប្រាស់កម្លាំងដើម្បីវាយប្រហារប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang នៅថ្ងៃទី៣ខែមីនា។

ទាក់ទងនឹងការកើនឡើងនៃភាពតានតឹងធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានលើកឡើងថា ជំហររបស់វៀតណាមត្រូវបានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ម្ដងរួចទៅហើយ ដោយលោកស្រីលើកឡើងថា ប្រទេសនេះប្រឆាំងនឹងការប្រើប្រាស់កម្លាំងចំពោះការវាយប្រហារប្រទេសអធិបតេយ្យ ជាពិសេសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលបណ្តាលឲ្យបាត់បង់ជីវិត។
លោកស្រី បានបន្តថា សកម្មភាពនៃការវាយប្រហារនោះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងផលប្រយោជន៍របស់ជនស៊ីវិល រួមទាំងពលរដ្ឋវៀតណាមនៅក្នុងតំបន់ ខណៈបច្ចុប្បន្ន ផលប៉ះពាល់ពីការវាយប្រហារនោះធ្វើឲ្យមានអស្ថិរភាពផែ្នកសេដ្ឋកិច្ច និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ព្រមទាំងស្ថិរភាពទាំងក្នុងតំបន់ និងទូទាំងពិភពលោក។
វៀតណាមក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ គោរពយ៉ាងតឹងរ៉ឹងនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចផ្សេងៗរបស់អង្គការសហប្រជាជាតិ៕





