សង្គ្រាមមជ្ឈិមបូព៌ា ដែលអាមេរិកនិងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ កាន់តែរីកធំទៅៗ បង្កជាវិបត្តិសកលជាពិសេសតម្លៃប្រេងឡើងថ្លៃ ហើយបើគិតពីតួលេខជនរងគ្រោះវិញ ត្រឹម៩ថ្ងៃ បានសម្លាប់ជនស៊ីវិលអ៊ីរ៉ង់ ជាង១២០០នាក់ និងរបួស ១២ ០០០នាក់។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ Ali Jafarian បានបញ្ជាក់កាលពីថ្ងៃទី៨ខែមីនា ថាមនុស្ស ១ ២៥៥ នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាម។ ខណៈជនរងគ្រោះគឺមានអាយុចាប់ពី ៨ ខែ រហូតដល់ ៨៨ ឆ្នាំ ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់ ក៏រួមមានទាំងស្ត្រី ២០០ នាក់ផងដែរ។
មិនត្រឹមប៉ុណ្ណឹង បុគ្គលិកសុខាភិបាលចំនួន៥៥នាក់បានរងរបួសនិង១១នាក់ស្លាប់ ដែលក្នុងនោះរួមមានគ្រូពេទ្យ៤នាក់, គិលានុបដ្ឋាយិកា២នាក់ និងបុគ្គលិកសង្គ្រោះបន្ទាន់៣នាក់។
អ្វីដែលរន្ធត់បំផុត គឺសោកនាដកម្មទម្លាក់គ្រាប់បែកលើសាលាបឋមសិក្សាកុមារីក្នុងទីក្រុង Minab ដែលផ្តាច់ជីវិតមនុស្ស ១៧៥នាក់។
កងទ័ពអ៊ីរ៉ង់ក៏អះអាងដែរថា មនុស្ស១០៤នាក់បានស្លាប់ និង៣២នាក់ត្រូវរបួស ក្នុងការវាយប្រហារដោយអាម៉េរិកលើនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿង ក្បែរឆ្នេរសមុទ្រនៃប្រទេសស្រីលង្កាកាលពីសប្តាហ៍មុន៕



