អ៊ីរ៉ង់​ ព្រមានថាតម្លៃប្រេងអាចកើនឡើងដល់ ២០០ដុល្លារ/បារ៉ែល បើជម្លោះនៅតែបន្ត

អន្តរជាតិ

យោធារបស់អ៊ីរ៉ង់ បានចេញមុខព្រមាននៅថ្ងៃទី១១ ខែមីនាថា តម្លៃប្រេងពិភពលោកអាចនឹងកើនឡើងដល់ ២០០ដុល្លារ ក្នុងមួយបារ៉ែល ពោលគឺខ្ពស់ជាងកម្រិតបច្ចុប្បន្នទ្វេដង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ebrahim Zolfaqari អ្នកនាំពាក្យបញ្ជាការយោធាអ៊ីរ៉ង់ បាននិយាយនៅក្នុងមតិយោបល់ដែលសំដៅទៅលើសហរដ្ឋអាមេរិក ថា៖”ត្រូវត្រៀមខ្លួនសម្រាប់តម្លៃប្រេងដែលនឹងអាចកើនឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែល ពីព្រោះតម្លៃប្រេងហក់ឡើងខ្ពស់នេះ គឺអាស្រ័យលើសន្តិសុខនៃតំបន់ដែលអ្នកកំពុងធ្វើឲ្យវាអស្ថិរភាព”។

គួរឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា អ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើអ៊ីស្រាអែល និងគោលដៅទ័ពផ្សេងៗទៀត នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ នេះបានបង្ហាញពីសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការបន្តសងសឹក និងរំខានដល់ការផ្គត់ផ្គង់ថាមពល ទោះបីជាមន្ទីរបញ្ចកោណបានបញ្ជាក់ថាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងចូលរួមក្នុងការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបំផុតរបស់ពួកគេរហូតមកដល់បច្ចុប្បន្នក៏ដោយ។

គិតនៅថ្ងៃទី៩ ខែមីនា តម្លៃប្រេងបានឡើងដល់ ១២០ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំចុងក្រោយ។ តែទោះជាយ៉ាងណាក៏ដោយ ត្រឹមតែមួយថ្ងៃក្រោយមក ទាំងប្រេងឆៅ WTI និង Brent បានផ្លាស់ប្តូរតម្លៃ ដោយធ្លាក់ចុះជាង ១១% បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ត្រាំ បានព្យាករពីការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា។ នៅថ្ងៃទី១១ ខែមីនា តម្លៃប្រេងនៅតែមានប្រែប្រួលឥតឈប់ឈរ ដោយបច្ចុប្បន្នកើនឡើងជិត ២% ដល់ ៨៥-៨៩ដុល្លារក្នុងមួយបារ៉ែល។

ជម្រាបជូនផងដែរថា ស្ថានភាពជម្លោះបច្ចុប្បន្នមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។ ហើយក៏មិនទាន់មានសញ្ញាណាមួយដែលបង្ហាញថាកប៉ាល់អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាពឡើងវិញផងដែរ។នេះត្រូវបានចាត់ទុកថាជាការរំខានធ្ងន់ធ្ងរបំផុតចំពោះការផ្គត់ផ្គង់ថាមពល គិតចាប់តាំងពីវិបត្តិប្រេងនៅទសវត្សឆ្នាំ១៩៧០ មក៕​