ការនាំចេញរថយន្តសរុបរបស់ប្រទេសចិន បានកើនឡើងលើសពី ១ លានគ្រឿង ក្នុងខែកក្កដា និងជាខែទីពីរជាប់ៗគ្នាហើយដែលអាចសម្រេចបានចំនួនដ៏ច្រើននេះ ចំពេលមានតម្រូវការនៅលើទីផ្សារអន្តរជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CGTN។

យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានបង្ហាញឲ្យដឹងថា ការនាំចេញរថយន្តសរុបរបស់ចិន ក្នុងខែកក្កដា បានកើនឡើងដល់ ១,០៤៣ គ្រឿង ពោលគឺបានកើនឡើង ៨១,៣% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យ៉ាងណាមិញ ក្នុងចំណោមរថយន្តនាំចេញសរុប រថយន្តថាមពលថ្មី (NEV) បានរួមចំណែកច្រើនជាងគេ ដោយមានចំនួនជាងពាក់កណ្តាលនៃការនាំចេញរយៈពេលពីរខែជាប់ៗគ្នា ដោយមានរថយន្តចំនួន ៥៥៣ ០០០ គ្រឿងត្រូវបានដឹកជញ្ជូនទៅក្រៅប្រទេស ពោលគឺបានកើនឡើង ១៤៥,៥% ធៀបនឹងឆ្នាំមុន។
គួរឲ្យដឹងថា ឧស្សាហកម្មរថយន្តរបស់ប្រទេសចិន បានបំបែកកំណត់ត្រារបស់ខ្លួន ដោយអាចនាំចេញរថយន្តបាន ១ លានគ្រឿងរួចហើយ នៅក្នុងខែមិថុនា ខណៈកាលពីខែមេស និងឧសភា បាននាំចេញជាង ៩០០ ០០០ គ្រឿង។
ជម្រាបជូនថា កើនឡើងនោះមិនមែនជារឿងចៃដន្យនោះទេ ដោយសារតែប្រទេសចិនមានខ្សែសង្វាក់ឧស្សាហកម្មពេញលេញ រាប់ចាប់ពីដំណើរការលីចូម និងការផលិតថ្ម រហូតដល់ការគ្រប់គ្រងម៉ូទ័រអគ្គិសនី និងការផ្គុំចុងក្រោយ ដែលផ្តល់ឱ្យប្រទេសនេះ នូវគុណសម្បត្តិផ្នែកថ្លៃដើម និងសមត្ថភាពដែលប្រទេសតិចតួចអាចប្រៀបធៀបបាន។ មិនតែប៉ុណ្ណោះ មុខងារឆ្លាតវៃដូចជាប្រព័ន្ធជំនួយអ្នកបើកបរ និងកាប៊ីនយន្តរថយន្តដែលដំណើរការដោយ AI ក៏កំពុងជួយទាក់ទាញអ្នកទិញជាច្រើននៅបរទេសផងដែរ៕

