ថៃ ទាមទារឲ្យអ៊ីរ៉ង់សុំទោសចំពោះការវាយប្រហារលើកប៉ាល់ដឹកទំនិញរបស់ខ្លួន

អន្តរជាតិ

មន្ត្រីរដ្ឋាភិបាលថៃ កំពុងទាមទារឲ្យអ៊ីរ៉ង់សុំទោសចំពោះការវាយប្រហារទៅលើកប៉ាល់ Mayuree Naree អំឡុងពេលឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលធ្វើឲ្យក្រុមនាវឹកសម្រេចបោះបង់កប៉ាល់នោះចោល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១២ ខែមីនា ក្រសួងការបរទេសថៃបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ាដោយសារតែការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក៏ដូចជាយុទ្ធនាការសងសឹកជាបន្តបន្ទាប់ដោយអ៊ីរ៉ង់។ ក្រសួងបានព្រមានទៀតថា ជម្លោះនៅមជ្ឈិមបូព៌ានេះ​អាចប្រឈមនឹងការកើនឡើងបន្ថែមទៀតនៅក្នុងតំបន់ និងទូទាំងពិភពលោក។

មិនតែប៉ុណ្ណោះ ក្រសួងការបរទេសថៃបាននិយាយថា ខ្លួនបានទាមទារឱ្យអ៊ីរ៉ង់សុំទោសចំពោះការវាយប្រហារលើកប៉ាល់ដឹកទំនិញ Mayuree Naree របស់ខ្លួន នៅច្រកសមុទ្រ Hormuz កាលពីថ្ងៃទី១១ ខែមីនា ហើយក៏បានប្រកាសផងដែរថា ខ្លួនកំពុងស្នើសុំការបំភ្លឺពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសថៃ។

អ៊ីរ៉ង់មិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei កាលពីថ្ងៃទី១២ ខែមីនា បានថ្លែងសុន្ទរកថាដំបូងរបស់ខ្លួន បន្ទាប់ពីពិធីស្បថចូលកាន់តំណែងជាមេដឹកនាំកំពូល ដោយបញ្ជាក់ថា នឹងបន្តបិទច្រកសមុទ្រ Hormuz ដើម្បីដាក់សម្ពាធលើសត្រូវរបស់ខ្លួន។

ជម្រាបជូនថា កប៉ាល់ Mayuree Naree ដែលមានដោតទង់ជាតិថៃ ត្រូវបានវាយប្រហារបន្ទាប់ពីចាកចេញពីកំពង់ផែ Khalifa ក្នុងប្រទេសអារ៉ាប់រួម (UAE) ដោយបង្ខំឲ្យក្រុមនាវិកសម្រេចបោះបង់ចោលកប៉ាល់នោះចោល។ កងទ័ពជើងទឹកអូម៉ង់បានជួយសង្គ្រោះនាវិកចំនួន ២០ នាក់ពីកប៉ាល់ Mayuree Naree​ នោះ៕​