តម្លៃឧស្ម័ននៅអឺរ៉ុប កើនឡើងដល់ជាង ៣០% ចាប់តាំងពីផ្ទុះជម្លោះនៅអ៊ីរ៉ង់

អន្តរជាតិ

ការវាប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់មជ្ឈិមបូព៌ា បានបណ្តាលឲ្យតម្លៃឧស្ម័ននៅអឺរ៉ុបកើនឡើងយ៉ាងខ្លាំង គិតនៅត្រឹមថ្ងៃទី១៩ ខែមីនាកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើកការជួញដូរដំបូង នៅថ្ងៃទី១៩ ខែមីនា តម្លៃឧស្ម័នធម្មជាតិរាវ (LNG) TTF របស់ហូឡង់ ដែលត្រូវបានចាត់ទុកថាជាតម្លៃគោលសម្រាប់ឧស្ម័ននៅអឺរ៉ុប បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៣៥% ដល់ ៧៤អឺរ៉ូ (ឬជិត ៨៥ដុល្លារអាមេរិក) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង (MWh)។ ទន្ទឹមនឹងនេះ តម្លៃឧស្ម័នធម្មជាតិរាវ នៅសហរដ្ឋអាមេរិក ក៏បានកើនឡើង ៤,៤% ផងដែរ។

យ៉ាងណាមិញ ចំពោះតម្លៃប្រេងឆៅក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ ដោយគិតនៅត្រឹមរសៀលថ្ងៃដដែលនោះ តម្លៃប្រេងឆៅ Brent បានកើនឡើងជាង ៦% ដល់ ១១៤ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងជួញដូរនៅតម្លៃ ៩៧ដុល្លារក្នុងមួយបារ៉ែល។

គួរឲ្យដឹងថា ទីផ្សារបានប្រែប្រួល បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅមជ្ឈិមបូព៌ា ដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់។ នៅថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Qatar Energy បានបញ្ជាក់ថា មីស៊ីលរបស់អ៊ីរ៉ង់បានវាយប្រហារទៅលើរោងចក្រឧស្ម័នធម្មជាតិរាវ Ras Laffan របស់ខ្លួន។ នេះគឺជារោងចក្រផលិតឧស្ម័នធម្មជាតិរាវធំជាងគេបំផុតរបស់ពិភពលោក ដែលផ្គត់ផ្គង់ប្រហែល ២០% នៃទិន្នផលសកល។

ជម្រាបជូនថា បច្ចុប្បន្នអឺរ៉ុប នាំចូលឧស្ម័នធម្មជាតិភាគច្រើនរបស់ខ្លួនពីសហរដ្ឋអាមេរិក ដែលមានចំណែកទីផ្សារ ២៥,៤%។ រួមតាំងការផ្គត់ផ្គង់ពីប្រទេសកាតា និងអារ៉ាប់រួមមានចំនួនតិចជាង ១០% ៕​