លោក ត្រាំ ឆ្កឹះរឿងល្អក់កករប្រវត្តិសាស្រ្តជាមួយជប៉ុន ធៀបទៅនឹងការវាយប្រហារនៅអ៊ីរ៉ង់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Sanae Takaichi ហើយបានបញ្ជាក់ថា លោកមិនបានជូនដំណឹងជាមុនដល់សម្ព័ន្ធមិត្តជប៉ុនអំពីជម្លោះអ៊ីរ៉ង់ជាមុននោះទេ ដោយប្រៀបធៀបនឹងអ្វីដែលជប៉ុនធ្លាប់បានធ្វើនៅក្នុងការវាយប្រហារលើកំពង់ផែ Pearl Harbor របស់សហរដ្ឋអាមេរិក នៅអំឡូងសង្គ្រាមលោកលើកទី២ ដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ កាលពីថ្ងៃទី១៩ ខែមីនា បានទទួលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅឯសេតវិមាន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី។ ទោះជាយ៉ាងណាក៏ដោយ សន្និសីទសារព័ត៌មានជាបន្តបន្ទាប់បានផ្តោតជាចម្បងលើជម្លោះមជ្ឈិមបូព៌ា ដោយអ្នកយកព័ត៌មានជប៉ុនម្នាក់បានសួរថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនបានជូនដំណឹងដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប និងអាស៊ី រួមទាំងជប៉ុន មុនពេលការសម្រេចចិត្តរបស់ពួកគេក្នុងការបើកការវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។

យ៉ាងណាមិញ លោក ត្រាំ បានឆ្លើយតបវិញថា ៖”​យើងបានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងដោយគ្មានការជូនដំណឹងជាមុនដល់នរណាម្នាក់ឡើយ ព្រោះយើងចង់ធ្វើឲ្យមានការភ្ញាក់ផ្អើល។ តើអ្នកណាអាចធ្វើឲ្យយើងភ្ញាក់ផ្អើលជាងជប៉ុនទៅទៀតនោះ នៅពេលដែលពួកគេវាយប្រហារទៅលើកំពង់ផែ Pearl Harbor?”។

ការលើកឡើងរបស់លោក ត្រាំ បែបនេះ គឺចង់សំដៅទៅលើការវាយប្រហាររបស់ជប៉ុនលើកំពង់ផែ Pearl Harbor និងមូលដ្ឋានទ័ពអាមេរិកជាច្រើនទៀតនៅលើកោះ Oahu រដ្ឋហាវ៉ៃ ក្នុងខែធ្នូ ឆ្នាំ១៩៤១ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនាំឲ្យសហរដ្ឋអាមេរិកប្រកាសចូលរួមក្នុងសង្គ្រាមលោកលើកទី២។ បន្ទាប់ពីសង្គ្រាមនោះ សហរដ្ឋអាមេរិក និងជប៉ុនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយ​ ក្នុងខែកញ្ញា ឆ្នាំ១៩៥១ ហើយបានក្លាយជាសម្ព័ន្ធមិត្តចាប់តាំងពីពេលនោះមក។

ជុំវិញការលើកឡើងរបស់លោក ត្រាំ​ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងការិយាល័យ Oval ដោយនៅក្នុងបន្ទប់នោះរួមមានអនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការបរទេស លោក Marco Rubio រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និងមន្ត្រីអាមេរិកធំៗដទៃទៀត ខណៈពេលលោកស្រី Takaichi បានត្រឹមលួចញញឹមតិចៗ​ នឹងមិនបានឆ្លើយតបអ្វីទៅកាន់លោក ត្រាំ វិញឡើយ៕​