សមាជិកម្នាក់នៃគណៈកម្មាធិការសន្តិសុខសភាអ៊ីរ៉ង់ បាននិយាយថា ស្ថាប័ននេះបានឈានដល់ការអនុម័តផែនការមួយដើម្បីគិតថ្លៃសេវាលើកប៉ាល់ដែលប្រើប្រាស់ច្រកសមុទ្រ Hormuz ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានបង្ហាញឲ្យដឹងថាទៀតថា ប្រព័ន្ធសម្រាប់ប្រមូលថ្លៃសេវាពីកប៉ាល់នៃប្រទេសផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងតម្រូវឲ្យប្រើប្រាស់លុយ Rial របស់អ៊ីរ៉ង់។
ជាមួយគ្នានេះ យោងតាមវិទ្យុ និងទូរទស្សន៍រដ្ឋអ៊ីរ៉ង់ (IRIB) បានរាយការណ៍ថា ផែនការសម្រាប់គ្រប់គ្រងច្រកសមុទ្រ Hormuz នេះ គឺត្រូវបានធ្វើឡើង ដើម្បីដោះស្រាយវិធានការដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសមុទ្រ ការពារបរិស្ថាន និងតួនាទីរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។ ច្បាប់នេះក៏ហាមឃាត់កប៉ាល់ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសដែលបានដាក់ទណ្ឌកម្មឯកតោភាគីលើអ៊ីរ៉ង់ពីការឆ្លងកាត់ច្រកសមុទ្រនេះផងដែរ។
ជម្រាបជូនថា គណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ គឺជាស្ថាប័នឯកទេសមួយដែលមានអំណាចនីតិបញ្ញត្តិដ៏សំខាន់ក្នុងវិស័យការបរទេស ការពារជាតិ ចារកម្ម និងសន្តិសុខ។ គណៈកម្មាធិការនេះទទួលខុសត្រូវក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ វាយតម្លៃកិច្ចព្រមព្រៀងបរទេស និងផ្តល់យោបល់លើប្រតិបត្តិការយោធា ថ្មីៗនេះលើការសម្រេចចិត្តទាក់ទងនឹងច្រកសមុទ្រ Hormuz៕

