ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធ ១០០% លើឱសថនាំចូលមួយចំនួន និងកាត់បន្ថយពន្ធពាក់កណ្តាលលើផលិតផលដែកថែប អាលុយមីញ៉ូម និងទង់ដែង។ នេះបើតាមកាចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រកាសពីច្បាប់ពន្ធគយថ្មីនេះ កាលពីថ្ងៃទី២ ខែមេសា ដោយមានគោលបំណងទូទាត់ពន្ធឡើងវិញ ដែលដកស្រង់ចេញពីច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ដែលត្រូវបានបដិសេធដោយតុលាការកំពូល កាលពីខែកុម្ភៈ។
យ៉ាងណាមិញ នៅក្នុងការសន្និដ្ឋាននៃការស៊ើបអង្កេតសន្តិសុខជាតិលើឱសថនាំចូល លោក ត្រាំ បានកត់សម្គាល់ឃើញថា ក្រុមហ៊ុនផលិតឱសថដែលកាន់កាប់ប៉ាតង់បរទេសត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយតម្លៃថ្នាំតាមវេជ្ជបញ្ជា និងប្តេជ្ញាផ្លាស់ប្តូរប្រតិបត្តិការផលិតកម្មទៅកាន់សហរដ្ឋអាមេរិក។
គួរឲ្យដឹងថា ប្រសិនបើក្រុមហ៊ុនផលិតឱសថណាមួយមិនព្រមធ្វើតាមលក្ខខណ្ឌទាំងពីរខាងលើនេះ នោះពួកគេនឹងតម្រូវឲ្យបង់ពន្ធនាំចូល ១០០% ខណៈក្រុមហ៊ុនទាំងនោះមានរយៈពេល ១២០ថ្ងៃ ដើម្បីអនុវត្តតាម មុនពេលពន្ធគយថ្មី ត្រូវចូលជាធរមាន។
ជម្រាបជូនថា នៅក្នុងបទបញ្ជាប្រតិបត្តិដាច់ដោយឡែកមួយផ្សេងទៀត លោក ត្រាំ ក៏បានប្រកាសកាត់បន្ថយពន្ធលើផលិតផលជាច្រើនប្រភេទដែលរួមមានដែកថែប អាលុយមីញ៉ូម និងទង់ដែងផងដែរ ដោយកាត់បន្ថយវាមកនៅត្រឹម ២៥% ពីកម្រិត ៥០% ៕

