សមាជិកសភាបក្សប្រជាធិបតេយ្យបីរូប បានអំពាវនាវដល់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ឲ្យហាមឃាត់ក្រុមហ៊ុនផលិតរថយន្តចិន ពីការផលិតយានយន្តរបស់ពួកគេ នៅក្នុងទឹកដីសហរដ្ឋអាមេរិកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយគ្នានេះ ដោយបន្ថែមពីលើការហាមឃាត់ចំពោះក្រុមហ៊ុនចិន សម្រាប់ការដំឡើងរថយន្តនៅសហរដ្ឋអាមេរិក សមាជិកសភាទាំងនោះ ក៏បានស្នើផងដែរថា រថយន្តដែលផលិតដោយក្រុមហ៊ុនចិននៅម៉ិកស៊ិក ឬកាណាដា មិនត្រូវអនុញ្ញាតឲ្យមានការនាំចូលទៅក្នុងសហរដ្ឋអាមេរិក ផងដែរ។
គួរឲ្យដឹងថា នៅក្នុងលិខិតរបស់ពួកគេដែលបានផ្ញើទៅកាន់ លោក ត្រាំ សមាជិកសភាបានសរសេរថា វាមានសារៈសំខាន់ណាស់ក្នុងការទទួលស្គាល់ថា ការអញ្ជើញក្រុមហ៊ុនផលិតរថយន្តចិនឲ្យមកបង្កើតប្រតិបត្តិការនៅសហរដ្ឋអាមេរិក នឹងផ្តល់ឲ្យពួកគេនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់ ដែលអាចធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តអាមេរិក មិនអាចប្រកួតប្រជែងបាន។ ក្នុងពេលជាមួយគ្នានេះ សមាជិកសភាទាំងនោះ ក៏បានសម្តែងការព្រួយបារម្ភអំពីការបង្កឲ្យមានវិបត្តិសន្តិសុខជាតិដែលពិបាកដោះស្រាយថែមទៀតផង។
ជម្រាបជូនផងដែរថា រថយន្តចិនបានប្រឈមមុខនឹងឧបសគ្គយ៉ាងច្រើន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក រួមទាំងពន្ធគយនាំចូលប្រហែល ១០០% ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ យោងតាមការស្ទង់មតិថ្មីៗនេះ អ្នកប្រើប្រាស់អាមេរិកកំពុងចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះម៉ូដែលរថយន្តរបស់ចិន ជាពិេសសទៅលើប្រភេទរថយន្តអគ្គិសនី ចំពេលវិបត្តិប្រេងឥន្ធនៈកើនឡើង៕

