រដ្ឋាភិបាលរបស់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានបង្ហាញពីគោលដៅធ្វើឲ្យពលរដ្ឋម្នាក់ ក្នុងចំណោម ១០ នាក់ ចូលរួមក្នុងសហគ្រិនភាព នៅក្នុងឆ្នាំ២០៤៥ ក្រោមយុទ្ធសាស្រ្តចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មីថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញយុទ្ធសាស្រ្តចុងក្រោយនេះ បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់វៀតណាម ជាប្រទេសចាប់ផ្តើមអាជីវកម្មដែលជំរុញដោយការច្នៃប្រឌិត ដែលបុគ្គលម្នាក់ៗអាចចាប់ផ្តើមអាជីវកម្មខ្លួនឯង ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។
គួរឲ្យដឹងផងដែរថា នៅឆ្នាំ២០៤៥ ក្រៅពីមានប្រជាជន ១០% ចូលរួមក្នុងសហគ្រិនភាព រដ្ឋាភិបាលក៏ស្វែងរកការបង្កើតសហគ្រាសមួយ សម្រាប់មនុស្ស ៣៥ នាក់ និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មីមួយ សម្រាប់មនុស្ស ៥ ០០០ នាក់ ផងដែរ។
ដើម្បីគាំទ្រដល់គោលដៅទាំងនេះ យុទ្ធសាស្ត្រចុងក្រោយរបស់រដ្ឋាភីបាលវៀតណាម គឺបានគូសបញ្ជាក់ពីភារកិច្ច និងដំណោះស្រាយមួយចំនួន ដោយផ្តោតលើការបង្កើនការយល់ដឹង និងលើកកម្ពស់វប្បធម៌សហគ្រិនភាព។
ជម្រាបជូនផងដែរថា រដ្ឋាភិបាលវៀតណាម ក៏បានបង្ហាញក្តីសង្ឃឹមថានឹងមានអង្គភាពអាជីវកម្មចំនួន ៥ លាននៅឆ្នាំ២០៣០ រួមទាំងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតយ៉ាងហោចណាស់ ១០ ០០០ កន្លែងផងដែរ ដើម្បីអាចធ្វើឲ្យវៀតណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលទាំង៤០ នៅក្នុងសន្ទស្សន៍ច្នៃប្រឌិតសកល៕

