អ្នកមានដាច់គេទី២ របស់ឥណ្ឌា កំពុងស្វែងរកលទ្ធភាពលុបចោលសំណុំរឿងក្លែងបន្លំនៅអាមេរិក

អន្តរជាតិ

លោក Gautam Adani ដែលត្រូវបានគេស្គាល់ថាជាអ្នកមានបំផុតទីពីររបស់ប្រទេសឥណ្ឌា កំពុងរៀបចំគម្រោងស្នើសុំចៅក្រមអាមេរិក ឲ្យលុបចោលសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណីរបស់គណៈកម្មការមូលបត្រ និងផ្សារហ៊ុន (SEC) ពាក់ព័ន្ធទៅនឹងការសូកប៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Adani និងក្មួយប្រុសរបស់លោក ឈ្មោះ Sagar Adani ត្រូវបានចោទប្រកាន់ដោយ SEC ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទរៀបចំគម្រោងមួយដើម្បីសូកប៉ាន់លុយរាប់រយលានដុល្លារ ដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Adani Green Energy របស់ពួកគេ ក្នុងការទទួលបានគម្រោងវិនិយោគថ្មីមួយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ នៅក្នុងឯកសារមួយដែលបានដាក់ជូនទៅកាន់តុលាការសហព័ន្ធ Brooklyn បង្ហាញឲ្យដឹងថា មេធាវីរបស់លោក Adani បាននិយាយថា កូនក្តីរបស់ខ្លួន កំពុងរៀបចំលុបចោលសំណុំរឿងចោទប្រកាន់ទាំងនេះ ដោយសារតែគ្មានភស្តូងគួរឲ្យទុកចិត្តណាមួយ ដែលគាំទ្រគម្រោងសូកប៉ាន់នេះឡើយ។

មិនតែប៉ុណ្ណោះ ពួកគេក៏បានហៅការចោទប្រកាន់របស់ SEC ថាជាការរំលោភបំពានទាំងស្រុង និងការប្រើប្រាស់សិទ្ធិអំណាចហួសពីដែនសមត្ថកិច្ចរបស់ខ្លួន ដោយសារតែការគម្រោងវិនិយោគទាំងនោះស្ថិតនៅក្នុងប្រទេសឥណ្ឌា ហើយមូលបត្របំណុលទាំងនោះក៏មិនដែលត្រូវបានជួញដូរ នៅលើទីផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកផងដែរ។

ជម្រាបជូនថា លោក Gautam Adani ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនមេរបស់ Adani Green ។ លោកមានទ្រព្យសម្បត្តិប្រហែល ៦០,៦ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ទី៣០ ក្នុងបញ្ជីអ្នកមានដាច៉គេនៅទូទាំងពិភពលោក៕​