អ៊ីរ៉ង់ ប្រកាសបាញ់កម្ទេចកប៉ាល់ណាមួយដែលហ៊ានឆ្លងកាត់ច្រកសមុទ្រ Hormuz

អន្តរជាតិ

អ៊ីរ៉ង់បានព្រមានថាខ្លួននឹងចាត់ទុកកប៉ាល់ណាមួយដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ថាជាកប៉ាល់សហការជាមួយសត្រូវ ហើយនឹងបាញ់កម្ទេចចោល។ នេះបើការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយនៅថ្ងៃទី១៨ ខែមេសា នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា៖”​ យើងសូមព្រមានគ្រប់កប៉ាល់ទាំងអស់ ដោយមិនគិតពីប្រភេទ មិនត្រូវចាកចេញពីកន្លែងចតរបស់ពួកគេនៅក្នុងឈូងសមុទ្រពែរ្ស និងសមុទ្រអូម៉ង់ឡើយ។ ការប៉ុនប៉ងណាមួយដើម្បីចូលទៅជិតច្រកសមុទ្រ Hormuz នឹងត្រូវបានចាត់ទុកថាជាទង្វើនៃកិច្ចសហប្រតិបត្តិការជាមួយសត្រូវ ហើយកប៉ាល់ដែលប្រព្រឹត្តបទល្មើសនេះនឹងត្រូវបាញ់កម្ទេច”។

គួរឲ្យដឹងថា កន្លងមករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបង្ហោះនៅលើបណ្តាញសង្គមខ្លួនថា ច្រកសមុទ្រ Hormuz បានបើកចំហឡើងវិញទាំងស្រុងសម្រាប់នាវាពាណិជ្ជកម្ម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោធាអ៊ីរ៉ង់ក្រោយមកបានប្រកាសពីការដាក់កំហិតឡើងវិញលើច្រកសមុទ្រនេះ ដោយសារតែសហរដ្ឋអាមេរិកនៅតែបន្តបិទខ្ទប់ច្រកសមុទ្ររបស់ខ្លួន។

ទន្ទឹមនឹងនេះ​ ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនមានសិទ្ធិទប់ស្កាត់ការប្រើប្រាស់ច្រកសមុទ្រ Hormuz សម្រាប់ការវាយប្រហារយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយអះអាងថា ច្បាប់អន្តរជាតិមិនហាមឃាត់ទីក្រុងតេអេរ៉ង់ពីការចាត់វិធានការដើម្បីទប់ស្កាត់ការវាយប្រហារបែបនេះនោះទេ។

ជម្រាបជូនផងដែរថា ជុំវិញការប្រកាសនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខនិយាយថាអ៊ីរ៉ង់មិនគួរគំរាមកំហែង សហរដ្ឋអាមេរិក ដោយការផ្លាស់ប្តូរជំហររបស់ខ្លួនឥតឈប់ឈរលើច្រកសមុទ្រ Hormuz នោះទេ ប៉ុន្តែក្នុងនោះលោកក៏បានបន្ថែមថា ភាគីទាំងពីរកំពុងស្ថិតក្នុងការសន្ទនាគ្នាហើយ៕​