សិង្ហបុរី បង្កើនការទិញចូលឧស្ម័នបន្ថែមទៀត ពីប្រទេសនៅក្រៅតំបន់មជ្ឈិមបូព៌ា

អន្តរជាតិ

ប្រទេសសិង្ហបុរី កំពុងបង្កើនការទិញចូលឧស្ម័នធម្មជាតិរាវ (LNG) ពីតំបន់ផ្សេងទៀត នៅទូទាំងពិភពលោក ខណៈពេលដែលជម្លោះនៅមជ្ឈិមបូព៌ាបានរំខានដល់ការដឹកជញ្ជូនឥន្ធនៈដែលប្រើប្រាស់សម្រាប់ផលិតអគ្គិសនីនៅតាមផ្ទះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរទីផ្សារថាមពលជាតិ (EMA) បាននិយាយនៅកាលពីពេលថ្មីៗនេះថា ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវមួយចំនួនពីមជ្ឈិមបូព៌ា បានរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត។

EMA បានបន្ថែមទៀតថា ក្រុមហ៊ុន Singapore GasCo ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៥ ដើម្បីធ្វើចម្រុះកម្មការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ កំពុងធ្វើការទិញចូលបន្ថែមទៀត ពីប្រទេសនានាជុំវិញពិភពលោក ដើម្បីធានាបាននូវឥន្ធនៈគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក។

គួរឲ្យដឹងថា ការនាំចូលឧស្ម័នពីប្រទេសកាតា មានចំនួនតិចជាង ១០% នៃតម្រូវការអគ្គិសនីរបស់ប្រទេសសិង្ហបុរី មុនពេលមានជម្លោះ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសសិង្ហបុរី បានព្យាយាមបង្កើនការនាំចូលឧស្ម័នកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការអគ្គិសនីប្រហែល ៩៥% របស់ខ្លួន។

នៅឆ្នាំ២០២៥ ៤០% នៃការផ្គត់ផ្គង់ឧស្ម័នសរុបរបស់សិង្ហបុរី ត្រូវបានដឹកជញ្ជូនតាមរយៈបំពង់បង្ហូរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈចំនួនដែលនៅសេសសលផ្សេងទៀតត្រូវបានផ្គត់ផ្គង់តាមរយៈផ្លូវសមុទ្រពីទីផ្សារនានា ជុំវិញពិភពលោក។

ជម្រាបជូនថា បច្ចុប្បន្នប្រទេសនានាកំពុងជួបប្រទះទៅនឹងកង្វះខាតយ៉ាងខ្លាំង ដោយសារឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំនៃសកលលោក បានហូរកាត់ច្រកសមុទ្រ Hormuz មុនពេលមានជម្លោះ ប៉ុន្តែការផ្គត់ផ្គង់តាមបណ្តោយផ្លូវសំខាន់នេះ ត្រូវបានរំខានដោយសង្គ្រាមចាប់តាំងពីពេលនោះមក៕​